កាលពីយូរលង់ណាស់
មកហើយមានព្រះរាជាមួយព្រះអង្គឈ្លាសវៃ
និងជាទីស្រឡាញ់របស់ប្រជាជន
ព្រះរាជាទ្រង់មានព្រះជន្មាយុច្រើនហើយ
តែបែរជាមិនមានបុត្រាឬបុត្រីមួយព្រះអង្គសោះ
ទើបព្រះអង្គសម្រេចព្រះទ័យជ្រើសរើសក្មេងម្នាក់មកធ្វើជាបុត្រធម៌
ដើម្បីយកមកចិញ្ចឹមមើលថែឳ្យក្លាយជាព្រះរាជាដ៏ល្អតទៅអនាគត។
ព្រះរាជាមានច្បាប់សម្រាប់ជ្រើសរើសដែលមិនដូចអ្នកណាទាំងអស់។
ព្រះអង្គទ្រង់ចែកគ្រាប់ពូជផ្កាឳ្យក្មេងម្នាក់ៗ
បន្ទាប់មកទ្រង់ប្រកាសថាបើអ្នកណាអាចដាំផ្កាដែលស្រស់ស្អាតបំផុតបាន
ព្រះអង្គនឹងព្រមទទួលយកអ្នកនោះមកធ្វើជាបុត្រធម៌។
លុះពេលក្មេងៗទទួលគ្រាប់ពូជត្រឡប់ទៅវិញហើយ
ពួកគេតាំងចិត្តដាំផ្កា
មានទាំងស្រោចទឹក ដាក់ជី
ជ្រួយដី
ព្រោះម្នាក់ៗចង់ក្លាយជាមនុស្សមានសំណាងល្អទាំងអស់។
ក្មេងប្រុសម្នាក់ក៏តាំងចិត្តដាំផ្កាដូចគ្នា
តែកន្លងផុតទៅ១០ថ្ងៃហើយ
ជិតពាក់កណ្តាលខែហើយ
គ្រាប់ផ្កានៅក្នុងផើងរបស់គេក៏នៅមិនមានអ្វីផ្លាស់ប្តូរសូម្បីតែពន្លកក៏គ្មានដែរ។
ដល់ថ្ងៃដែលព្រះរាជាកំណត់
ក្មេងៗរៀបចំតែងកាយស្អាតបាត
ម្នាក់ៗកាន់ផើងផ្កាដ៏សែនស្រស់ស្អាតចូលមកគាល់ព្រះរាជាដោយក្តីសង្ឃឹម។
នៅពេលដែលព្រះរាជាបានទតព្រះនេត្រមើលផ្កាដ៏សែនស្រស់ស្អាត
រួមទាំងក្មេងៗដែលរៀបចំខ្លួនបានយ៉ាងស្អាតទាំងនេះហើយ
ព្រះអង្គបែរជាគ្មានសព្វព្រះទ័យដូចដែលមនុស្សគ្រប់គ្នាបានគិតស្មាននោះឡើយ។
រំពេចនោះ
ព្រះរាជាទ្រង់ក្រឡេកទៅឃើញក្មេងប្រុសដែលកាន់ផើងដោយមិនមានផ្កា
ទើបព្រះអង្គត្រាស់ហៅឳ្យគេចូលមកជិតព្រមទាំងសួរថា«ហេតុអ្វីបានជាឯងកាន់ផើងផ្កាទទេ?»។
ក្មេងប្រុសយំខ្សឹកខ្សួល
ព្រមទាំងក្រាបទូលព្រះអង្គឳ្យទ្រង់ជ្រាបថា«មិនថាទូលបង្គំបានតាំងចិត្តខ្លាំងប៉ុណ្ណា
ក៏គ្រាប់ពូជនៅតែមិនមានពន្លកចេញមកឡើយ»។
ខណៈនោះ
ព្រះភក្ត្រព្រះរាជាបង្ហាញស្នាមញញឹមដោយការសព្វព្រះទ័យយ៉ាងខ្លាំង។
ព្រះអង្គទ្រង់ពរក្មេងប្រុសឡើងមក
ហើយប្រកាសដោយសំឡេងខ្លាំងៗថា«ក្មេងប្រុសដែលយើងតាមស្វែងរកគឺក្មេងប្រុសម្នាក់នេះហើយ»។
«ហេតុអ្វីបានជាទៅជាយ៉ាងនេះព្រះអង្គ?»
ប្រជាជនម្នាក់ៗទូលសួរដោយការមិនយល់។
ព្រះរាជាមានបន្ទូលថា«គ្រាប់ពូជដែលយើងប្រគល់ឳ្យ
សុទ្ធតែឆ្លងកាត់ស្រុះទឹកក្តៅហើយទាំងអស់
វាមិនមានផ្លូវអាចលូតលាស់បានឡើយ»។
ក្មេងៗដែលកាន់ផើងផ្កាដ៏សែនស្រស់ស្អាតនៅក្នុងដៃ
ម្នាក់ៗបានឳនមុខចុះ
ព្រោះពួកគេម្នាក់ៗបានលួចផ្លាស់ប្តូរគ្រាប់ពូជថ្មីដោយខ្លួនឯងទាំងអស់។
តម្លៃអប់រំ
នៅក្នុងលោកនេះរបស់ក្លែងបន្លំមានច្រើនយ៉ាង
ទោះបីរបស់ក្លែងបន្លំទំាងនេះអាចបន្លំភ្នែកមនុស្សបានមួយរយៈពេល
តែនៅទីបំផុត
របស់ក្លែងបន្លំនៅតែជារបស់ក្លែងបន្លំ។
ប្រសិនបើយើងប្រើវិធីបោកប្រាស់ឳ្យឈានចូលដល់គោលដៅដែលយើងបានតាំងចិត្ត
យើងក៏អាចទទួលជោគជ័យបានមួយរយៈពេល
តែទោះបីជាយ៉ាងណា
ក៏មិនអាចប្រៀបធៀបនឹងវិធីស្មោះត្រង់ទៅវិញទៅមកយ៉ាងពិតប្រាកដបានឡើយ។
(ដកស្រង់ពីសៀវភៅតម្រាធ្វើជំនួញរបស់ជនជាតិជីហ្វ)
No comments:
Post a Comment