Friday, May 3, 2013

លោកទី ជីហួត ( ១៩៥២ - ១៩៨៧)



     ថ្ងៃ​នេះ​ ប្លក់​សម្រាប់​កូន​ខ្មែរ សូម​លើក​យក​ជីវប្រវត្តិ​លោក ទី ជីហួតដែល​ជា​កវី​ដ៏​ល្បីល្បាញ​នា​សម័យ សាធារណ​រដ្ឋ​ប្រជាមានិត​ខ្មែរ​ មកបង្ហាញ​អ្នក​សិក្សា​អក្សរ​សាស្ត្រ​ខ្មែរ
      លោក​ ទី ជីហួតកើត​នៅ​ថ្ងៃទី ១០​ ខែកុម្ភៈ ​ឆ្នាំ១៩៥២​ នៅភូមិ​ត្រពាំងស្លា ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្ត​តាកែវ។​ លោក​បាន​សិក្សា​ដល់​ថ្នាក់​ទី៣ទំនើប​ជាតិ​នា​សាលា​អនុវត្ត(មុន​ឆ្នាំ១៩៧៥)។​ ចំពោះ​កម្រិត​វប្បធម៌​ លោក​អាច​អាន​ និង​សរសរ​ភាសា​បារាំង​បាន។ នៅ​ឆ្នាំ១៩៧២​ លោក​បាន​ចូល​ជា​សមាជិក​ក្រុម​អ្នក​និពន្ធ​ខ្មែរ

      នៅ​មុន​ឆ្នាំ១៩៧៥ពេល​កំពុង​សិក្សា​ លោក​បាន​ប្រកប​មុខ​របរ​ជាច្រើន​ដូច​ជា៖​ ជាង​កាត់សក់​ជិត​ផ្សារ​អូរឬស្សី​ ដើរ​លក់​នំប៉័ង​ លក់​ប៉ោងៗ​ បម្រើតុ​តាម​ហាង​ដើម្បី​ចិញ្ចឹម​ក្រុមគ្រួសារ​ក្នុង​នាម​ជា​កូនច្បង
     នៅ​ក្រោយ​ឆ្នាំ១៩៧៥​ លោក​ត្រួវ​គេ​ជន្លៀស​ទៅ​ស្រុក​ខាង​ម្តាយ​ នៅភូមិ​កោះតូច ឃុំ​តាលន់ ស្រុកស្អាង​ ខេត្ត​កណ្តាល​បាន​៦​ខែ។​ បន្ទាប់​មក​​ខ្មែរក្រហម​បាន​បញ្ជូន​លោក​ និង​ក្រុម​គ្រួសារ​ឳ្យ​ទៅ​នៅ​ភូមិ​ត្រពាំងថ្ម​ សង្កាត់​ប៉ោយ​ចារ​ ស្រុក​ភ្នំស្រុក ខេត្ត​បាត់ដំបងមាន​ការងារ​ជា​អ្នក​លាយ​ជី​លេខមួយ​គឺ​ជី​លាមក​មនុស្ស
      ក្រោយ​ថ្ងៃរំដោះ​៧មករា​១៩៧៩ លោក​បាន​រស់​នៅ​ខេត្ត​សៀម​រាប​រយៈពេល​ខែ។​ បន្ទាប់​មក​ លោក​បន្ត​ដំណើរ​ទៅ​ស្រុក​កំណើត​ខាង​ម្តាយ​ជា​ថ្មី​ទៀតក្រោយ​មក​លោក​បាន​មក​រស់នៅ​ភ្នំពេញ​ ហើយ​ចូល​បម្រើ​ការងារ​ នៅ​វិទ្យុ​ជាតិ​កម្ពុជា​មាន​តួនាទី​ជា​ប្រធាន​ការិយាល័យ​និពន្ធ​សិល្បៈ​ និង​ល្ខោន។
​​     ចំពោះ​ស្នាដៃ​របស់​លោក​ មុន​ឆ្នាំ១៩៧៥​ លោក​សរសេរ​ប្រលោម​លោក​បាន​ចំនួន​រឿង។​ ក្រោយ​ឆ្នាំ១៩៧៩  លោក​បាន​និពន្ធ​ប្រលោម​លោក​ អាយ៉ៃ​ ល្ខោន​បាសាក់​ ល្ខោន​យីកេ​ សរុប​មាន​ចំនួន​១៧៦រឿង។​ ក្នុង​នោះ​មាន​ស្នាដៃ​មួយ​ចំនួន​ត្រូវ​បាន​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​ដូចជា៖​
- រឿង​តេជោ​យ៉ត​
- រឿង​វិល​រក​ទ្រនំ
- រឿង​មេឃ​បាត់​ដួងចន្ទ។​
      ស្នាដៃ​ចុង​ក្រោយ​របស់​លោក​គឺ​រឿង​ក្បូន​ជីវិត​(២៨​មីនា​១៩៨៧)។​ លោក​បាន​ទទួល​មរណភាព​នៅ​ថ្ងៃទី​០៣​ខែមិថុនា​ឆ្នាំ១៩៨៧ ដោយ​ជម្ងឺ​ក្រិន​ថ្លើម​នៅ​រាជធានី​ភ្នំពេញ

2 comments:

  1. តើរឿងតេជោយ៉តនិពន្ធនៅឆ្នាំណា?

    ReplyDelete
  2. និពន្ធនៅឆ្នាំ១៩៨៣

    ReplyDelete

Blogger Tips and TricksLatest Tips And TricksBlogger Tricks
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks