Thursday, December 11, 2014

លោក នូ ហាច

I. ប្រវត្តិនិងការសិក្សា
      លោក​នូ ហាច​ ប្រសូត​នៅ​ថ្ងៃទី២៦​ ខែមិថុនា​ ឆ្នាំ១៩១៦​ នៅ​ឃុំ​កំពង់ព្រះ​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង។ បិតា​របស់​លោក​មាន​នាម​ឃួន នៅ ចំណែក​មាតា​នាម​ឳរ មួច ពួក​គាត់​ជា​កសិករ។ នៅ​ពេល​លោក​មាន​វ័យ​គម្រប់​ចូល​រៀន​ បិតា​ក៏​បាន​យក​ទៅ​ឳ្យ​សិក្សា​នៅ​វត្ត​ក្នុង​ភូមិ​កំណើត។​ ក្នុង​ការ​សិក្សា​នេះ​ លោក​បាន​ចេះ​ចាំ​យ៉ាង​ស្ទាត់​ជំនាញ​ខាង​អក្សរ​សាស្ត្រ​ជាតិ​ និង​ចេះ​អាន​គម្ពីរ​សាស្ត្រា​យ៉ាង​ស្ទាត់​ជំនាញ​ទៀត​ផង។​
មក​ដល់​ឆ្នាំ​១៩៣២​ លោក​ក៏​បាន​ប្រឡង​ជាប់​ចូល​រៀន​នៅ​សាលា​អនុវិទ្យាល័យ​ស៊ីសុវត្តិ។​ លុះ​ដល់​ឆ្នាំ​១៩៣៩​ លោក​ក៏​បាន​ប្រឡង​ជាប់​មធ្យម​សិក្សា​ភាគទី១​ រួច​ក៏​បាន​បម្រើ​ការងារ​ជូន​ជាតិ​ជា​ចៅក្រម។​ បន្ទាប់​មក​ លោក​ក៏​បាន​ផ្លាស់ទី​លំនៅ​មក​រស់​នៅ​រាជធានី​ភ្នំពេញ​ ក្រោយ​មក​លោក​ក៏​បាន​រៀប​អាពាហ៍​ពិពាហ៍​អ្នកស្រីតាន់ រ៉េម និង​មាន​បុត្រ​ចំនួន​៨នាក់។ សព្វថ្ងៃកូនៗរបស់​លោកមួយ​ចំនួន​រស់នៅ​ប្រទេស​អាមរិក​ និងអូស្រ្តាលី។ នៅក្នុង​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​(១៩៧៥ - ១៩៧៩)​ លោក​បាន​បាត់​ខ្លួន​មិនមាន​ដំណឹង។

II. ប្រវត្តិការងារ
     នៅ​ឆ្នាំ​១៩៤៧​ លោក​ នូ​ ហាច​ បម្រើ​ការងារ​នៅ​ក្រសួង​ឃោសនាការ​ ដែល​កាល​នោះ​មាន​តួនាទី​ជា​អ្នក​កាន់​កាប់​ខាង​ការ​ផ្សាយ​កាសែត​កម្ពុជា។
   នៅ​ឆ្នាំ​១៩៤៨​ លោក​បាន​ត្រូវ​ជ្រើស​រើស​ធ្វើ​ជា​លេខា​ផ្ទាល់​របស់​ទ្រង់​យុត្ថិវង្ស​ ដែល​កាល​នោះ​ព្រះអង្គ​ទ្រង់​គង់​ជា​នាយក​រដ្ឋមន្ត្រី។ ក្រោយ​ពេល​ទ្រង់​ចូល​សោយទីវង្គត​ លោក​ក៏​បាន​ត្រឡប់​មក​កាន់​ការ​ជា​នាយ​ខុទ្ទកាល័យ​នៅ​ក្រសួង​ឃោសនាការ​វិញ។
       នៅ​ឆ្នាំ​១៩៥២​ លោក​បាន​ធ្វើ​​ជា​មន្ត្រី​ក្រសួង​ការ​បរទេស​ ដែល​ទទួល​តួនាទី​ជា​ប្រធាន​ផ្នែក​កិច្ចការ​ នយោបាយ​ការ​បរទេស​(Director en Direction des ​Affaires​ Politiques)ដែល​កាល​នោះ​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្រោម​អាណានិគម​និយម​បារាំង​នៅ​ឡើយ។ ក្នុង​ការងារ​ថ្មីនេះ​ លោក​ត្រូវ​បាន​តែងតាំង​ឳ្យ​ទៅ​បំពេញ​បេសកកម្ម​ផ្សេងៗ​នៅ​បរទេស​ដូចជា ទៅ​ប្រទេស​សៀម និង​យូហ្គោស្លាវី​ជាដើម។ ក្រោយ​មក​ដោយសារ​លោក​មាន​ស្នាដៃ​ក្នុង​ការងារ​រាជរដ្ឋា​ភិបាល​ប្រចាំ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ ប្រទេសវៀតណាម​ ​និង​ជា​អ្នក​តំណាង​ពិសេស​ប្រចាំ អង្គការ​សហប្រជាជាតិ​ផង​ដែរ។
      ចាប់​ពី​ថ្ងៃ​ទី​១៦​ខែ​មិថុនា​ឆ្នាំ​១៩៥២​ដល់​ថ្ងៃ​ទី​២៣​ខែ​មករា​ឆ្នាំ​១៩៥៣​ លោក​ក៏​ត្រូវ​បាន​សម្តេច​នរោត្តម​សីហនុ​ ដែល​កាល​នោះ​ព្រះអង្គ​ទ្រង់​គង់​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ បាន​សព្វ​ព្រះទ័យ​តែងតាំង​លោក​ជា​រដ្ឋលេខាធិការ​នៃ​ក្រសួង​សាធារណការ​និង​គមនាគមន៍​ដោយ​ព្រះរាជក្រិត្យ​ លេខ២៥២។
     ចាប់​ពី​ថ្ងៃ​ទី​១៧​ខែ​មករា​ឆ្នាំ​១៩៥៨​ លោក​បាន​ក្លាយ​ជា​សមាជិក​នៃ​សមាគម​អ្នក​និពន្ធ​ខ្មែរ​។(ទស្សនាវដ្តី​អ្នក និពន្ធ​ខ្មែរ​ឆ្នាំទី២​លេខ៣​ខែកុម្ភៈ ឆ្នាំ១៩៩៦ ទំព័រ១៣) (សមាគម​អ្នក​និពន្ធ​ខ្មែរ​កើត​ឡើង​នៅ​ឆ្នាំ ១៩៥៤ ដោយ​លោក​រឹម​ គីន)
    នៅ​ឆ្នាំ​១៩៦៩​ លោក​ក៏​បាន​វិល​មក​កាន់​ការ​ជា​ឯកអគ្គរាជទូត​ខ្មែរ​ ប្រចាំ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី។ លុះ​ដល់​ឆ្នាំ​១៩៧២​ លោក​ក៏​បាន​និវត្តន៍​មក​ក្រុង​ភ្នំពេញ​វិញ។
III. ស្នាដៃ
លោក​នូ ហាច​បាន​បន្សល់​ទុក​ស្នា​ដៃ​អក្សរសិល្បិ៍​មួយ​ចំនួន​ដូចជា៖​
. រឿង​ផ្កា​ស្រពោន​ សរសេរ​ជា​ប្រលោម​លោក​ពាក្យ​រាយ​ បោះពុម្ព​ផ្សាយ​ឆ្នាំ១៩៤៩។ ដោយ​ពិនិត្យ​ឃើញ​ថា​រឿង​នេះ​មាន​គតិ​ល្អ​សម្រាប់​ការ​អប់រំ​ ក៏​ត្រូវ​បាន​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​រដ្ឋ​នៅ​ឆ្នាំ១៩៤៨។
. រឿង​នារី​ជា​ទី​ស្នេហា​ បោះពុម្ព​ផ្សាយ​នៅ​ឆ្នាំ១៩៥៣​ ជា​ប្រភេទ​ប្រលោម​លោក​សរសេរ​ជា​ពាក្យរាយ។
. រឿង​លាណ្យ​ និង​រវិន្ទ បោះពុម្ព​ផ្សាយ​នៅ​ឆ្នាំ១៩៥៥​ ជា​ប្រភេទ​ប្រលោម​លោក​សរសេរ​ជា​ពាក្យរាយ។
. រឿង​មាលា​ដួង​ចិត្ត​ បោះពុម្ព​ផ្សាយ​នៅ​ឆ្នាំ១៩៧២​ ជា​ប្រភេទ​ប្រលោម​លោក​សរសេរ​ជា​ពាក្យរាយ។

No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks