សូក្រាត ជាទស្សនវិទូដ៏ល្បីល្បាញខ្ទរខ្ទារ រន្ទឺពេញពិភពលោក ។
ពួកអ្នកប្រាជ្ញ នៅបស្ចិម ប្រទេសតែងចាត់ទុកសូក្រាតជា « បិតានៃទស្សនវិជ្ជា » ។
សូក្រាតកើតនៅឆ្នាំ ៤៦៩ មុនគ.ស ជិតក្រុងអាតែន នៃប្រទេសក្រិច
គឺកើតនៅក្រោយសង្គ្រាមនៅសាឡាមីន ១០ឆ្នាំ ។ បិតាឈ្មោះ សូប្រូនីស៍
ជាជាងចម្លាក់នៅក្រុងអាតែន ។ មាតាឈ្មោះហ្វេណារ៉ែត
ជាឆ្មបជួយសង្គ្រោះជីវិត មនុស្សមិនរើសមុខ ។ ដូច្នេះហើយបានជាសូក្រាតតែងនិយាយថា «
ម្តាយខ្ញុំជាឆ្មបសម្រាលកូន ឯខ្ញុំជាឆ្មបសម្រាលគំនិត » ។
បើតាមេកសាររបស់ លោកអារីស្តូត
ក្នុងអត្ថបទមួយដែលមានចំណងជើងថា « វោហារ សាស្ត្រ » បានបញ្ជាក់ថា ៖
សូក្រាតមានភរិយាមួយឈ្មោះសង់ ទីម និងមានកូន ៣នាក់ ។
កូនរបស់ សូក្រាតជាជនសាមញ្ញខាងផ្លូវបញ្ញា និងគំនិត គ្មនាទេពកោសល្យដូចជាឪពុកឡើយ ។
សូក្រាតមិនគ្រាន់តែជាទស្សនៈវិទូដ៏ល្បីល្បាញប៉ុណ្ណោះទេ
ថែមទាំងជាយុទ្ធជនដ៏ឆ្នើម ទៀត ផង ។
គាត់ធ្លាប់ចូលប្រយុទ្ធក្នុងឋានៈជាទាហាននៃកងពលថ្មើជើង នៅសមរភូមិជាច្រើន ដូចជា ៖
នៅស្រុកសាមូស ទីដេប៉ូ ដេលីយ៉ុង ជាដើម ។
សូក្រាតមានវិធីបង្រៀនពីរយ៉ាងគឺ ៖
សិល្បៈបង្កើតគំនិត និង ការចំអក ។ ចំពោះ មនុស្សសាមញ្ញដែលមិនចេះអួតអាង
ហើយទទួលស្គាល់ថាខ្លួនមិនចេះអ្វីសោះ សូក្រាត ប្រើវិធីបង្កើតគំនិត ។ ចំពោះពួក «
សូហ្វីស » ដែលជាអ្នកអួតអាង មានជំនឿថាខ្លួនមាន ចំណេះសកល សូក្រាតប្រើវិធីចំអក ។
គេបានឃើញឃ្លាដ៏ល្បីមួយរបស់សូក្រាត ដែលជាឃ្លា ចម្បងរបស់ទស្សនៈវិជ្ជាគឺ ៖ «
ខ្ញុំដឹងតែមួយមុខគត់ គឺដឹងថាខ្ញុំមិនចេះអ្វីសោះ » ។
សូក្រាតជាបុរសដែលស្រឡាញ់យុត្តិធម៌ គាត់បានការពារយុត្តិធម៌
និងសច្ចធម៌ ដែលជាហេតុ ធ្វើឳ្យខ្លួនគាត់ត្រូវជាប់ពិរុទ្ធ ពីបទប្រមាថមើលងាយសាសនា ។
នៅឆ្នាំ ៣៩៩ មុន គ.ស សូក្រាតត្រូវតុលាការក្រុងអាតែន វិនិច្ឆ័យទោសប្រហារជីវិត
ពីកំហុសមើលងាយសាសនានេះ ។ រយៈពេល ៣០ថ្ងៃ ក្នុងពន្ធនាគារ
សូក្រាតគ្មានទុក្ខព្រួយតក់ស្លុតឡើយ ផ្ទុយទៅវិញ
គាត់ខំប្រមូល អារម្មណ៍ឳ្យមូលទៅលើទស្សនវិជ្ជារបស់គាត់ ព្រមទាំងឆ្លៀតតែងកំណាព្យទៀតផង
។ នៅពេល ប្រហារជីវិត សូក្រាតបានជ្រើសរើសនូវវិធី « ផឹកថ្នាំពុលសម្លាប់ខ្លួន »
ជាជាងឳ្យគេព្យួរករ ។ សូក្រាតស្លាប់ក្រោមទំនួញសោកស្តាយរបស់សិស្ស
ព្រមទាំងប្រជាជនក្រុងអាតែនទាំងមូល ដែល ថ្កោលទោស ចំពោះតុលាការក្រុងអាតែន
ដែលបានកាត់ក្តីចំពោះរូបសូក្រាតដោយអយុត្តិធម៌ ។
សូក្រាតជាមនុស្សថ្មីចម្លែក
ដែលបានក្លាយជាទស្សនវិទូគម្រូមួយរូបសម្រាប់មនុស្សជំនាន់ក្រោយ ។ គេតែងនិយាយថា ៖ «
សូក្រាតជាបុរសនៃក្រុងអាតែន ដែលមានរូបអាក្រក់ តែល្អជាងគេបំផុត » ។
ទស្សនៈវិជ្ជារបស់សូក្រាត
១.
ត្រូវយល់ដឹងអំពីដំណើរប្រព្រឹត្តទៅនៃធម្មជាតិ ។
២.
ត្រូវយល់ដឹងនូវអ្វីដែលនៅជិតយើង មុននឹងយល់អ្វីដែលនៅឆ្ងាយពីយើង ។
៣. ត្រូវស្គាល់ខ្លួនឯង
ដោយខ្លួនឯង ។
៤.
ត្រូវដុសខាត់ព្រលឹងឳ្យបានប្រសើរដែលនៅឆ្ងាយពីយើង ។
៥. ត្រូវនិយមប្រើពាក្យថា
៖ « ខ្ញុំមិនចេះអ្វីសោះ » ដូចពាក្យខ្មែរថា ៖ « ចង់ចេះត្រូវធ្វើល្ងង់ » ។
៦.
ត្រូវជជែកគ្នាដើម្បីរកការពិត ព្រោះការជជែក ជាវិធីបង្កើតគំនិត ។ លទ្ធផលដែលល្អ
គឺជាលទ្ធផលដែលទទួលការរិះគន់រួចហើយ ។
No comments:
Post a Comment