Thursday, December 11, 2014

ស្តាយដួងចន្ទ្រា



១. ខ្ញុំស្រឡាញ់ដួងចន្រ្ទាពេញបូណ៌មី                     រឿងរង្សីភ្លឺត្រចះច្បាស់មេឃា


ស្អាតបរិសុទ្ធមូលក្រឡង់ក្នុងនភា                           ខ្ញុំនិន្ទ្រាមិនលក់ឡើយពេលរាត្រី ។


២. ខ្ញុំស្រឡាញ់ដួងចន្ទ្រាភ្លឺត្រជាក់                         ពន្លឺប្រាក់ស្រោបដួងចិត្តជនប្រុសស្រី


ឳ្យសប្បាយភ្លើតភ្លើនចិត្តឥតខ្វល់អ្វី                         ភ្លេចក្រក្រីក្តីសោកសៅក្នុងជីវិត ។


៣. ខ្ញុំស្រឡាញ់ដួងចន្ទ្រាមូលក្រឡង់                      ហាក់ដូចវង្សភក្ត្រកល្យាណគូស្នេហ៍ស្និទ្ធ


នាងញញឹមខ្ញុំសង្ឃឹមសប្បាយចិត្ត                          ហាក់បានជិតរឹតរួមរក្សស្ម័គ្រកន្និដ្ឋា ។


៤. ខ្ញុំស្រឡាញ់ដួងចន្ទ្រាជាសាក្សី                          នៃសេចក្តីស្មោះស្ម័គ្រចិត្តស្និទ្ធស្នេហា


នៃក្រមុំ និងកម្លោះគូសង្សារ                                  ដែលប្រថ្នាបានជាគូរួបរួមកាយ ។


៥. ខ្ញុំស្រឡាញ់ដួងចន្ទ្រាជាល្បែងក្មេង                    ម្តាយពោលលេងឳ្យកូនតូចពនសុំបាយ


សុំសម្ល​ ទឹកបំពង់ ចេក ដូង ​ស្វាយ                         កូនសប្បាយញ៉ាំចិបៗសើចក្អឹកៗ ។


៦. ខ្ញុំស្រឡាញ់ដួងចន្ទ្រាមានពោធិ៍ធំ                      ជីដូនខ្ញុំប្រាប់ដូច្នេះមកជាញឹក


មើលទៅឃើញមានឬសគល់ដើមមែកស្លឹក             ក្រោមពោធិព្រឹក្សដូនចាស់រវៃអំបោះ ។


៧. ខ្ញុំស្រឡាញ់ដួងចន្ទ្រាហៅសសាង្ក                    ព្រះឥន្ទស្អាងរូបទន្សាយទុកនៅនោះ


រំលឹកកាលពោធិសត្វគិតសង្គ្រោះ                           ព្រាហ្មណ៍ដោយស្ទុះលោតចូលភ្លើងជាអាហារ ។


៨. ខ្ញុំស្រឡាញ់ដួងចន្ទ្រាហៅលោកខែ                   នៅស្រុកខ្មែររាជពិធីដ៏ថ្លៃថ្លា


អកអំបុកងើយមើលចំដួងចន្ទ្រា                              បន់ទេពតាសូមខេមរាបានថ្កើងថ្កាន ។


៩. ខ្ញុំស្រឡាញ់ដួងចន្ទ្រានៃកវី                               ក្នុងរាត្រីនាំអារម្មណ៍ឳ្យក្សេមក្សាន្ត


ខ្លួនរំភើបហាក់អណ្តែតទៅឆ្ងាយបាន                      ភ្លេចខ្លួនប្រាណសប្បាយតាមកាំរស្មី ។


១០. ខ្ញុំតូចចិត្តនឹងពួកអ្នកវិទ្យាសាស្ត្រ                     ម្តេចក៏ផ្តាសធ្វើកាំជ្រួចបាញ់ពីដី


ចង់ទៅយកព្រះចន្ទ្រពិភពថ្មី                                  ហេតុចង់ល្បីខ្ចាយកេរ្តិ៍ឈ្មោះបោះនាមា ។


១១. ខ្ញុំមិនចង់ឳ្យមនុស្សលោកសុទ្ធហ្មងសៅ          ដូចធ្យូងខ្មៅទៅប្រឡាក់ដួងចន្ទ្រា


ដែលបរិសុទ្ធផុតមន្ទិលផងនានា​                            គួរបូជាស្រឡាញ់ស្មោះពីហឬទ័យ ។


១២. ឳសែនស្តាយដួងចន្ទ្រាជាសាកល                 ដែលតែងផ្តល់គ្រប់បំណងដោយប្រពៃ


ម្តេចឡើយអ្នកវិទ្យាសាស្ត្រគិតបំភ្លៃ                        យកចន្ទ្រថ្លៃជាកម្មសិទ្ធឳ្យសៅហ្មង ។


                                           ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ១៩៦៥

No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks