១. នៅសល់បីថ្ងៃ តែយូរពេកក្រៃ បីថ្ងៃកើតទុក្ខ
ជិតវ៉ាកងហើយ ម្តេចឡើយ«ជាប់គុក» គួរបានរីកមុខ
បានទៅកំសាន្ត ។
២. កំសាន្តសប្បាយ ជួបមិត្តទាំងឡាយ ដែលយើងធ្លាប់បាន
រស់ជាមួយគ្នា នោះវិញមិនខាន ហៅសែនសុខសាន្ត
សម្រានចិន្តា ។
៣. យើងកូនអ្នកស្រែ សប្បាយណាស់ដែរ ប្រញាប់ម្នីម្នា
វិលទៅស្រុកវិញ ជួបមិត្តមីងមា ម៉ែឪយាយតា
គ្រួសាររីករាយ ។
៤. នឹងជួបមាន់ទា ជួបគោឆ្កែឆ្មា ដែលនៅឯនាយ
ដែលធ្លាប់ស្រឡាញ់ ធ្លាប់ខឹងជេរវាយ នឹងឃើញទ្រង់ទ្រាយ
ដីស្រែឡើងវិញ ។
៥. តាអើយ! រូបចៅ តាំងពីបែកទៅ នៅឯភ្នំពេញ
តែងនឹកមកតា ឯទីនេះវិញ ទទូចទន្ទេញ
ចង់តែមកជួប ។
៦. យាយអើយ! រូបចៅ តាំងពីបែកទៅ អស់យូរខែខួប
តែងនឹកមកយាយ ចង់តែមកជួប ព្រោះខានបានជួប
រួមសម្តីយូរ ។
៧ ឪអើយ! កូននឹក ទាំងល្ងាចទាំងព្រឹក បន់ឲ្យតែគ្រូ
ឲ្យបានឈប់យូរ នឹកបានគិតគូរ មកផ្ទះឲ្យយូរ
ជួបជុំគ្រួសារ ។
៨. ម៉ែ! ម៉ែ! ម៉ែ! ម៉ែ! កូននឹកគ្មានល្ហែ បែកម៉ែថ្ងៃណា
កូនស្រក់ទឹកភ្នែក នឹកម៉ែអស្ចារ្យ ម៉ែធ្លាប់រក្សា
ថ្នាក់ថ្នមរូបកូន ។
៩. ឯណាប្អូនខ្ញុំ ប្អូនតូចប្ងូនធំ បាត់ទៅណាសូន្យ
អូ! នោះមកហើយ មក! មក! អាអូន បងនឹកមកប្អូន
ឯងរាល់គ្នាណាស់ ។
១០. គោយើងនៅទេ? ទាំងកូនទាំងមេ មេក្មេងមេចាស់
ចុះអាពពាល តើវានឹកម្ចាស់ ដើមនៃវាខ្លះ
ដែរឬគ្មានទេ ។
១១. ឆ្កែបងអាលូ ខានឃើញវាយូរ ព្រោះគ្មានទំនេរ
ខាននាំវាចេញ ដេញសត្វដូចគេ ម្ល៉េះវាលួចជេរ
បងខ្លះទេដឹង ។
១២. ឯណារទេះ ដែលបងធ្លាប់ជិះ មានចងកណ្តឹង
រទេះគោលឿន បរបត់ក្បែរស្ទឹង រួចទៅក្បែរបឹង
ទៅមើលស្រូវស្រែ ។
១៣. ម៉េចទៅឆ្នាំនេះ បានផលគ្រាន់បេះ ច្រូតកាត់ដែរខ្លះ
ឬមួយស្កកអស់ ពាសពេញទាំងស្រែ ដោយពីរបីខែ
គ្មានឃើញភ្លៀងសោះ ។
១៤. ទាំងក្រុមគ្រួសារ ទាំងញាតិកា ឆ្កែឆ្មាទាំងអស់
ទាំងជ្រូកមាន់គោ ខ្ញុំស្រឡាញ់ស្មោះ ចំពោះឥតខ្ចោះ
ជាងអ្វីនានា ។
១៥. ព្រោះអ្នកទាំងនេះ ដែលបានចេះរិះ ទាំងអស់គ្រប់គ្នា
ស្រឡាញ់ខ្ញុំពិត ឲ្យមកសិក្សា ចំណេះវិជ្ជា
ជារស្មីប្រាណ ។
១៦. វិជ្ជាជាទ្រព្យ យ៉ាងប្រសើរឆាប់ គួររកឲ្យបាន
ត្រូវខំរៀនសូត្រ ឲ្យចេះចំណាន ថ្ងៃក្រោយទៅបាន
ក្សេមក្សាន្តជីវិត ។
វត្តកែវព្រះភ្លើង មេសា
១៩៥៨
No comments:
Post a Comment