Sunday, March 6, 2016

សាស្ត្រាខ្យងស័ង្ខ វគ្គទី៣

    
   ចំណែក​ព្រះបាទ​សាមលរាជ ដោយ​ភាព​ស្អប់​ខ្ពើម​ចំពោះ​ចៅ​ងោះ​ខ្លាំង​ពេក​ ព្រះអង្គ​បាន​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​សម្លាប់ចៅ​ងោះចោល​ដើម្បី​ឲ្យ​ព្រះ​នាងពៅ​អាច​ទទួល​បាន​ស្វាមី​ថ្មី​ដែល​ស័ក្តិសម​នឹង​ព្រះនាង។ ព្រះអង្គ​បាន​ឲ្យ​បុត្រា​សុណិសា​របស់​ព្រះអង្គ​ទាំងអស់​ចេញ​ទៅ​រក​សត្វ​ព្រៃ បើ​បុត្រា​ណា​រក​សត្វ​ពុំ​បាន​នឹង​ត្រូវ​ទទួល​ទោស​ស្លាប់។ បុត្រ​ប្រសារ​ទាំង​ប្រាំមួយ​សុទ្ធ​តែ​មាន​ពល​សេនា​ លើក​លែង​តែ​ចៅ​ងោះ​ដែល​គ្មាន​ពល​សេនា​សូម្បី​តែ​ម្នាក់។​ នៅ​ពេលដឹង​ដំណឹង​នេះ​ភ្លាម​ ព្រះ​នាង​ពៅ​បាន​ពាំ​នាំ​ដំណឹង​នេះ​មក​ថ្លាថ្លែង​ប្រាប់​ស្វាមី។ ដោយ​ក្តី​អាណិត​ចំពោះ​ភរិយា ព្រះស័ង្ខ​ក៏​ដោះ​ស្រោម​ងោះ​ចេញ​ ហើយ​ហោះ​សំដៅ​ទៅ​កណ្តាល​ទី​ព្រៃ។ ក្រោម​ម្លប់​ជ្រៃ ព្រះអង្គ​បាន​សូត្រមន្ត​ដើម្បី​អន្ទង​ហៅ​សត្វ​ម្រឹគ​ដើម្បី​យក​ទៅ​ថ្វាយ​ព្រះ​បិតា​ក្មេក។ ចំណែក​បុត្រ​ប្រសារ​ផ្សេងៗ​សុទ្ធ​តែ​រក​សត្វ​ព្រៃ​បាន​តែ​ម្នាក់​មួយ​ ហើយ​ខ្លះ​ក៏​ខូច​ស្អុយ​រលួយ​អស់​ទៅ​ហើយ អ្នក​ទាំង​ប្រាំ​មួយ​បាន​ដោះ​ដូរ​ជាមួយចៅ​ងោះ ដោយ​សុខ​ចិត្ត​កាត់​ច្រមុះ​ខ្លួន​ឯង​ដើម្បី​ប្តូរ​យក​សត្វ​ព្រៃ។ ដោយ​សារ​ការ​អសមត្ថភាព​របស់​បុត្រ​ប្រសារ​ទាំង​ប្រាំមួយ​ធ្វើឲ្យ​ព្រះ​បាទសាមលរាជ​ខ្ញាល់​យ៉ាង​ខ្លាំង។

        លើក​ទីពីរ​ ទ្រង់​បាន​បញ្ជា​ឲ្យ​បុត្រ​ប្រសារ​ទាំងអស់​ចេញ​ទៅ​រក​ត្រី​ម្តង។ លើក​នេះបុត្រ​ប្រសារ​ទាំង​ប្រាំមួយ​ទទួល​បាន​សុទ្ធ​តែ​ត្រី​ងាប់​ទាំងអស់​ ហើយ​ថែម​ទាំង​កាត់​ស្លឹក​ត្រចៀក​របស់ខ្លួន​ឯង​ជា​ថ្នូរ​ជាមួយ​នឹង​ត្រី​របស់​ចៅ​ងោះដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ព្រះបាទសាមលរាជ​ខ្ញាល់​នឹង​បុត្រ​ប្រសារ​ទាំង​ប្រាំមួយ​ម្តង​ទៀត។        
  ដោយ​រក​ល្បិច​ចាប់​ទោសចៅ​ងោះ​មិន​បានព្រះបាទ​សាមលរាជ​ទ្រង់​ចេញ​ព្រះរាជ​បញ្ជា​ឲ្យ​អាមាត្យ​ទៅ​ប្រាប់​ដល់​បុត្រទាំងអស់​រៀបចំ​ស្វាមី​របស់​ខ្លួន​ឲ្យ​បាន​ស្អាត​បាត​ប្រដាប់​ដោយ​គ្រឿង​អលង្គការ​ផ្សេងៗ។ ក្រោយពី​ ទទួល​ដំណឹង​នេះ​ភ្លាម​ បុត្រី​ទាំង​ប្រាំមួយ​ក៏​ប្រញាប់​ប្រញាល់​រៀបចំ​ឲ្យ​ស្វាមី​របស់​ខ្លួន​រៀងៗ​ខ្លួន។ ព្រះស័ង្​ដែល​ស្ថិត​ក្នុង​ស្រោម​ងោះ​មិន​ខ្ចី​ខ្វាយខ្វល់​នឹង​សេចក្តី​ស្លាប់​ ទោះ​ជា​ព្រះនាង​ពៅ យំ​សោក​អង្វរ​យ៉ាងណា​ក៏​ព្រះអង្គ​ពុំ​ព្រម​ដោះ​ស្រោម​ងោះ​ចេញ​ដែរ។ ដោយ​មិន​អាច​ធ្វើ​ឲ្យ​ស្វាមី​ធ្វើ​តាម​បំណង​របស់​ខ្លួន​បាន​ ព្រះនាង​ពៅក៏​បាន​ទៅ​ក្រាប​សុំ​ក្តី​សន្ដោស​ពី​ព្រះបិតា។ ផ្ទុយ​ទៅវិញ ព្រះបាទ​សាមលរាជទ្រង់​ខ្ញាល់​នឹង​ព្រះនាង​ពៅ​ ព្រម​ទាំង​ស្វាមី​កាន់​តែ​ខ្លាំង​ឡើងៗ​រហូត​ដល់​ចង់​សម្លាប់​ព្រះនាង​ និង​ស្វាមី​ចោល។ ពេល​ព្រះនាង​វិល​មក​លំនៅ​ដ្ឋាន​វិញ​ ព្រះនាង​បាន​រៀបរាប់​នូវ​ព្រឹត្តិការណ៍​ទាំង​អស់​ប្រាប់​ទៅ​ស្វាមី។ ទោះបីព្រះស័ង្​មាន​ក្តី​អាណិត​អាសូរ​ដល់​ព្រះមហេសីយ៉ាងណា​ក៏​ដោយ ក៏​ទ្រង់​លាក់​នូវ​ក្តី​អាណិត​នោះ​ទុក​តែ​ពុំ​ព្រម​ធ្វើ​តាម​ឡើយ​ព្រោះ​មិន​ទាន់​ដល់​ពេល​វេលា។ ចំណែក​ព្រះនាង​ពៅ​ ដោយ​មិនអាច​សុំ​សេចក្តី​សន្តោស​ពី​ព្រះ​ស្វាមី​បានចាប់​តាំង​ពី​ពេលនោះ​មក​អស់​រយៈពេល​ប្រាំពីរ​ថ្ងៃ​ ប្រាំពីរ​យប់​ព្រះនាង​មិនបាន​បរិភោគ​អាហារ ព្រះនាង​ព្រះកន្សែង​រៀងរាល់​ថ្ងៃ​រហូត​ក្ស័យ​ជន្មា​បាត់​ទៅ។
        នៅ​ពេល​ដែល​ព្រះនាង​ពៅ​សោយ​ទីវង្គត​ ព្រះ​ឥន្ទ្រ​កើត​មាន​ភាព​ក្តៅ​ក្រហាយ​ក៏​បើក​ទិព្វ​ចក្ខុ​ទត​មក​កាន់សាមលបុរី​ រួច​ក៏​យល់​អស់​នូវ​ន័យ​សេចក្តីព្រះឥន្ទ្រ​រិះរកនូវ​ដំណោះ​ស្រាយ​ដើម្បី​ស្រាយ​ចំណង​ក្នុង​ចិត្ត​របស់ព្រះស័ង្ខ និង​ធ្វើ​ឲ្យ​ព្រះនាង​ពៅ​មាន​ព្រះជន្ម​ឡើងវិញព្រះឥន្ទ្រ​បាន​ត្រាស់​បង្គាប់​ឲ្យ​ព្រះពិស្ណុកាប្រែ​កាឡា​ជា​ទូត​ទៅ​សុំ​ប្រកួត​ល្បែង​វាយឃ្លី​ជាមួយ​ព្រះបាទសាមលរាជ​ ដោយ​ភ្នាល់​ដាក់​នគរព្រះបាទសាមលរាជមាន​ការ​ភិតភ័យ​ជា​ខ្លាំង​ចំពោះ​ដំណឹង​នេះ។ ព្រះបាទ​សាមលរាជ​បាន​គំរាម​បុត្រ​ប្រសារ​ទាំងឡាយ​ថា​នឹងទទួល​ទោស​ស្លាប់​ បើ​ពុំ​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ប្រកួត។ ដោយ​អំណាច​តេជះ​របស់ព្រះឥន្ទ្រ បុត្រ​ប្រសារ​របស់​ព្រះបាទ​សាមលរាជ​ទាំង​ប្រាំ​មួយ​គ្មាន​ម្នាក់​ណា​អាចយក​ឈ្នះ​ព្រះឥន្ទ្រ​ឡើយ។ ព្រះបាទសាមលរាជ មាន​សេចក្តី​អាម៉ាស់​ចំពោះ​អាណា​ប្រជានុរាស្ត្រ​យ៉ាង​ខ្លាំងពេល​នោះ​ព្រះ​អគ្គមហេសី​បាន​លើក​ទឹកចិត្ត​ព្រះ​ស្វាមី​កុំ​ឲ្យ​អស់​សង្ឃឹម​ដោយ​បាន​រំលឹក​ដល់ចៅងោះដែល​ជា​ស្វាមីនាង​ពៅ និង​ស្នើ​សុំ​ឲ្យ​ព្រះអង្គ​ហៅចៅងោះ​មក​សាកល្បង​ស្នាដៃ​ជាមួយ​ក្សត្រ​ព្រះឥន្ទ្រ។ ព្រះបាទសាមលរាជក៏​អនុញ្ញាត​ឲ្យ​អគ្គមហេសី​ទៅ​កោះហៅចៅងោះ​មក​ប្រកួតពេល​ទៅ​ដល់​លំនៅ​របស់​ព្រះនាងពៅ ព្រះ​អគ្គមហេសី​មាន​ការ​រន្ធត់​ជា​ពន់ពេក​ ដោយសារ​ការ​ចូល​ទិវង្គត​របស់​បុត្រី​ជា​ទី​ស្រឡាញ់ពេល​នោះ​ចៅងោះក៏បាន​ប្រស់​នាង​ពៅឱ្យ​រស់​ឡើង​វិញ។ ក្រោយ​ពេលនាង​ពៅ​ដឹង​ព្រះកាយ​វិញ​ ព្រះមាតា​ទ្រង់​បាន​រៀបរាប់​ពី​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​វាយឃ្លី ហើយ​ស្នើសុំ​ឲ្យព្រះស័ង្ខ​ទៅ​ចូល​រួម​ប្រកួត​វាយ​ឃ្លី​នោះព្រះស័ង្ខ​ក៏​យល់​ព្រម​ទទួល​យក​សំណើ​របស់​ព្រះនាងពៅ​ និង​ព្រះមាតា​ ដោយ​ព្រម​ដោះ​ស្រោមងោះ​ចេញ​ ហើយ​ទៅប្រកួតវាយឃ្លីនោះ។​ ក្នុង​ការ​ប្រកួត​នេះ​មាន​ពួក​ទេវតា​ជាច្រើន​បានចុះ​មក​អបអរ​សាទរ​​ហើយ​ជ័យ​ជំនះ​ក៏​ធ្លាក់​ទៅ​លើ​ព្រះស័ង្ខព្រះបាទ​សាមលរាជ​មាន​ការ​ពេញចិត្ត​ជា​ខ្លាំង​ចំពោះ​រូបសម្បត្តិព្រះស័ង្ខ​ ទ្រង់​បាន​ប្រគល់​រាជសម្បត្តិ​ទៅ​ព្រះស័ង្ខ​ជា​បុត្រ​សុណិសា​ ហើយ​អភិសេក​ព្រះនាងពៅជា​ព្រះរាជ​អគ្គមហេសី​ដែល​មាន​កិត្តិយស​លើស​អស់​បងទាំង​៦អង្គ​
(សូម​រង់​ចាំ​អាន​វគ្គ​ទី​៤​ជា​វគ្គ​បញ្ចប់)

No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks