Friday, February 6, 2015

ប្រវត្តិផ្សារស៊ីញែក

I. ទីតាំង​និង​ស្ថានភាព​បច្ចុប្បន្ន
    បច្ចុប្បន្ន​ពុំ​មាន​រូប​រាង​ច្បាស់លាស់​ឡើយ​គឺ​នៅសល់​តែ​ផ្ទះ​ពីរបី​ ដែល​លក់​គ្រឿង​ប្រាក់​បន្តិច​បន្តូច​នៅ​លើ​ដង​វិថី​សុធារស​តែ​ប៉ុណ្ណោះ។​ ចំពោះ​ទីតាំង​ពី​មុន​ក៏​ពុំ​ដឹង​ថា​នៅ​ទីណា​ពិត​ប្រាកដ​ឡើយ​គឺ​គ្រាន់​តែ​ដឹង​ថា​នៅ​ម្តុំ​កាច់​ជ្រុង​ផ្លូវ​សុធារស​ និង​ផ្លូវ​មគ្គវណ្ណ(លេខ១៧៨)​ខាង​ស្តាំ​វត្ត​ឧណ្ណាលោម​ និង​បន្ត​រហូត​ដល់​មាត់​ទន្លេ​តែ​ម្តង។

II. ទំនាក់​ទំនង​ និង​ប្រវត្តិ​ក្នុង​ការ​ដាក់​ឈ្មោះ
  តាម​ការ​វិភាគ​ទៅ​លើ​ការ​ដាក់​ឈ្មោះ​ «ផ្សារ​ស៊ីញែក»​ គឺ​បាន​ន័យ​ថា​ជា​ការ​ញែក​គេ​ញែក​ឯង​ដើម្បី​ស៊ី​ ឬ​ជា​ការ​ដណ្តើម​កន្លែង​គ្នា​ក្នុង​ពេល​កំពុង​រក​ស៊ី​អ្វី​មួយ។​ ប៉ុន្តែ​ប្រហែល​មក​ពី​ផ្លូវ​នៅ​ម្តុំ​នោះ​បែង​ចែក​ ឬ​ញែក​ជា​ច្រើន​ខ្សែ​នៅ​ត្រង់​នេះ​ ទើប​គេ​ហៅ​ផ្សារ​ដែល​នៅ​តំបន់​នោះ​ថា​ផ្សារ​ស៊ីញែក​ទៅ​វិញ។​ ម្យ៉ាងទៀត​ប្រសិន​បើ​យើង​គ្រាន់​តែ​ឮ​ឈ្មោះ​ផ្សារ​ដោយ​មិន​បាន​ពិចារណា​ យើង​នឹង​គិត​ថា​ផ្សារ​អ្វី​ក៏​មាន​ឈ្មោះ​មិន​ពិរោះ​ស្តាប់​យ៉ាង​នេះ?​ ខាង​ក្រោម​នេះ​គឺ​ជា​បំណក​ស្រាយ​ខ្លះៗ​ដែល​ក្រុម​និស្សិត​អក្សរសាស្ត្រ​ខ្មែរ​យើង​ខ្ញុំ​បាន​ស្វែង​រក​តាម​រយៈ​ការ​ចុះ​ទៅ​សាក​សួរ​ផ្ទាល់​ជាមួយ​អ្នក​ដែល​ធ្លាប់​ដឹង​ឮ​ពី​ប្រវត្តិ​នៃ​ការ​ដាក់​ឈ្មោះ​របៀប​នេះ។
  .តាម​សម្តី​លោក​ស្រៀង អ៊ី អាយុ​៦៣ឆ្នាំ​ ជា​សាស្ត្រាចារ្យ​មហាវិទ្យាល័យ​សូន​រូប​ បាន​ផ្តល់​ព័ត៌មាន​ថា​ ក្នុង​កំលុង​ឆ្នាំ១៩៥៣​ ផ្សារ​ស៊ី​ញែក​កើត​មាន​ស្រាប់​រួច​ទៅ​ហើយ​ គឺ​មាន​លក់​ឥវ៉ាន់​ចាប់ហួយ​...​ ព្រម​ទាំង​មាន​រោង​កាត់សក់​មួយ​នៅ​ខាង​ត្បូង​ ឆ្វេង​ដៃ​ផ្សារ​ស៊ីញែក។​ នៅ​ម្តុំ​ផ្សារ​ស៊ីញែក​នេះ​ មាន​ផ្ទះ​ស្លឹក​ខ្លះ​ និង​ផ្ទះ​ក្បឿង​ខ្លះ​ ហើយ​នៅ​កាច់​ជ្រុង​ខាង​ជើង​ឆៀង​ខាង​កើត​គឺ​ផ្ទះ​ប៊ុន ថាន​ ខាង​លិច​ផ្ទះ​អ្នកឌួង​ ចាប់​ពី​ខាង​ត្បូង​ទៅ​គេ​ហៅ​ថា​ផ្សារ​ស៊ីញែក។​ ផ្ទះ​អ្នកឌួង​លក់​ទឹកអប់​ ហូល​ ផាមួង​ ពី​សង្គម​ ឯ​ផ្ទះ​ប៊ុន ថាន​វិញ​មាន​លក់​គ្រឿង​ប្រាក់។​ គាត់​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​ កាល​ពី​មុន​មាន​ផ្លូវ​ញែក​ភាគ​ខាង​​ត្បូង​ និង​ខាង​ជើង​ ដូច្នេះ​ហើយ​ទើប​គេ​ហៅ​ថា​ផ្សារ​ស៊ីញែក។​ ម្យ៉ាង​ទៀត​ផ្សារ​នេះ​កើត​តាំង​ពី​ឆ្នាំ១៩១៧​ មក​ម្ល៉េះ​គឺ​កើត​ទាន់​នឹង​ផ្សារ​កណ្តាល​ដែរ​ ប៉ុន្តែ​ពុំ​ទាន់​មាន​លក់​អី​ច្រើន​ទេ។​ កាល​នោះ​គឺ​មាន​លក់​ស្រា​បន្តិច​បន្តួច​ តែ​ពី​សម័យ​សម្តេចឪ​ ព្រះ​បាទ​នរោត្តម​សីហនុ​ ផ្សារ​នេះ​មាន​លក់​គ្រឿង​ក្រអូប​ គ្រឿង​ប្រាក់​ រហូត​ដល់​សម័យ​ព្រះ​នរោត្តម​សុរាម្រិត​ ក៏​ឃើញ​នៅ​មាន​លក់​ដដែល។​ ផ្សារ​នេះ​បាន​បាត់​រូប​រាង​របស់​ខ្លួន​នៅ​ឆ្នាំ១៩៧៥​ ពេល​ដែល​ប៉ុល ពត​ជម្លៀស​ប្រជាជន​ខ្មែរ​ចេញ​ពី​ក្រុង​ភ្នំពេញ។
  .លោក​ ម៉ាន់ សុខុម​ អាយុ​៦១ឆ្នាំ​ ជា​អតីត​មន្ត្រី​រាជការ​ក្រសួង​កសិកម្ម​បាន​ផ្តល់​កិច្ច​សម្ភាសន៍​ថា​ផ្សារ​ស៊ីញែក​គឺ​ផ្ទះ​អ្នកឌួង​ លក់​គ្រឿង​ក្រអូប​មាន​ទឹកអប់​ ម្សៅ​ ហូលផាមួង​ ផ្តិលខាត់​ ផ្តិលស្ពាន់​ និង​គ្រឿង​ប្រដាប់​ព្រះសង្ឃ។​ ផ្សារ​នេះ​មាន​ទ្រង់​ទ្រាយ​ជា​ផ្សារ​ទី​តូច​លក់​ឥវ៉ាន់​តាម​ផ្ទះ​​ដែល​ខ្មែរ​យើង​ធ្វើ​ដោយ​ផ្ទាល់​ដៃ​ ហើយ​វា​កើត​ឡើង​នៅ​ឆ្នាំ​១៩៤៨។​ ផ្សារ​នេះ​រើ​ឈប់​លក់​ក្នុង​ឆ្នាំ​១៩៦៥-​១៩៧០​ ដោយ​ដូរ​ទៅ​លក់​នៅ​ផ្សារ​កណ្តាល​វិញ។​ លុះ​ដល់​ឆ្នាំ១៩៧០​ ពេល​ដែល​លន់ ណុល​ធ្វើ​រដ្ឋប្រហារ​ ផ្សារ​ក៏​ឈប់​លក់​តែ​ម្តង​ ហើយ​ទី​នោះ​ក៏​ចាប់​ផ្តើម​សង់​ផ្ទះ​ថ្ម​ឡើង។​ ពី​មុន​ផ្សារ​នេះ​ក៏​មាន​លក់​ផង​ដែរ​នូវ​ម្ហូប​អាហារ​សម្រាប់​អ្នក​រត់​ម៉ូតូ​ ស៊ីក្លូ​ រទេះ​ និង​ឆែកែវ។​ នៅ​ខាង​មុខ​ផ្សារ​ស៊ីញែក​ក៏​មាន​សុទ្ធ​តែ​ផ្ទះ​ឈើ​តូចៗ​ មាន​លក់​របស់​របរ​កំប៉ុក​កំប៉ុក​ បន្តិច​បន្តួច​សម្រាប់​កម្មករ​នៅ​កំពង់ផែ​មាត់ទន្លេ​ក្បែរ​នោះ​ពិសារ​ ពុំ​មែន​ជា​ផ្សារ​ធំ​ដុំ​ទេ។​ ផ្សារ​ស៊ីញែក​មាន​សកម្មភាព​នៅ​ក្នុង​របប​សម្តេចឪ​ព្រះ​នរោត្តម​សីហនុ​ សម័យ​សង្គម​រាស្ត្រ​និយម​ ពេល​ដែល​ខ្មែរ​ទទួល​បាន​ឯករាជ្យ​ពី​បារាំងសេស។
  .លោកតា​ យក់ គុណ​ អតីត​សាស្ត្រាចារ្យ​សមាគម​អ្នក​និពន្ធ​ខ្មែរ​ បាន​មាន​ប្រសាសន៍ថា​ ផ្សារ​ស៊ីញែក​ស្ថិត​នៅ​ខាង​ត្បូង​មាត់ទន្លេ​ ជា​ផ្សារ​តូច​តាច​តែ​ប៉ុណ្ណោះ​ ដោយ​ប្រជារាស្ត្រ​យក​របស់​របរ​ពី​ទន្លេ​ឡើង​យក​មក​លក់​ភ្លាម​តែ​ម្តង។​ នៅ​ក្នុង​ផ្សារ​នេះ​មាន​ផ្ទះ​លក់​គ្រឿង​ក្រអូប​ សំពត់​ ខោអាវ...​ សម្រាប់​លក់​ឳ្យ​តែ​ចំពោះ​អ្នក​វាំង​តែ​ប៉ុណ្ណោះ។​ ហាង​នាងឌួង​ជា​ហាង​ដែល​ល្បី​ជាង​គេ​នៅ​ក្នុង​តំបន់​នេះ។​ នាងឌួង​ ជា​អ្នក​ម្នាង​ដែល​ចេះ​ធ្វើ​ទឹក​អប់​ខ្មែរ​ដ៏​ស្ទាត់​ជំនាញ​ ហើយ​ពី​ដើម​ម្តុំ​នោះ​សុទ្ធ​សឹង​ជា​ផ្ទះ​គ្រូ​បង្រៀន​​រចនា​ និង​ក៏​ជា​សាលារៀន​ផង​ដែរ។​ ម្យ៉ាងទៀត​ យើង​ឃើញ​ថា​ផ្សារ​នេះ​គឺ​នៅ​រហូត​ដល់​ជំនាន់​សម្តចឪ​ ហើយ​បាត់​រូប​រាង​ទៅ​វិញ​ប្រហែល​នៅ​មុន​ឆ្នាំ​១៩៧៥។
  .លោកអ៊ំ ស៊ិន ចាន់ថន​ក៏​បាន​លើក​ឡើង​ថា​ផ្សារ​ស៊ីញែក​គឺ​ផ្ទះ​អ្នកឌួង​ ជា​ផ្ទះ​ឈើ​លក់​គ្រឿងទេស​ ទឹកអប់​ ប្រេង​ ម្សៅ​ ហើយ​ផ្ទះ​ទាំង​ពីរ​ជួរ​ទល់​មុខ​គ្នា​ ខាង​កើត​និង​ខាង​លិច​លក់​គ្រឿង​ទេស​ដូច​គ្នា។​ ពី​ដើម​គេ​ល្បី​ថា​ផ្ទះ​អ្នកឌួង​ មាន​លក់​ទឹកអប់​ ប្រេង​ ម្សៅ​ គ្រឿង​តុប​តែង​ខ្លួន។​ ផ្សារ​ស៊ីញែក​ គេ​ចែក​ជា​ពីរ​មូល​ហេតុ​ទាហាន​ហ្លួង​ និង​ទាហាន​ជើង​ខ្មៅ​កាន់កាប់។​ ចាប់​ពី​ផ្លូវ​លេខ១៧៨​ កាន់​កាប់​ដោយ​ទាហាន​ហ្លួង​ ពី​ផ្សារ​ស៊ីញែក​ទៅដល់​រិច្ច(បារ)​ គឺ​ទាហាន​បារាំង​កាន់​កាប់​រហូត​ដល់​រូត​ពីរ។​ បើ​សិន​ទាហាន​ទាំង​សង​ខាង​ជ្រៀត​ចូល​ព្រំដែន​តំបន់​កាន​កាប់​គ្នា​នោះ​ប្រាកដ​ជា​មាន​ជម្លោះ​កាប់​ចាក់​គ្នា។​ កាល​ដែល​ចែក​ខណ្ឌ​ផ្សារ​ស៊ីញែក​ គឺ​កាល​នោះ​ប្រទេស​ខ្មែរ​ពុំ​ទាន់​ទទួល​បាន​ឯករាជ្យ​ទេ​គឺ​ក្រោយ​សង្គ្រាម​លោក​លើក​ទី១។​ ផ្សារ​ស៊ីញែក​នេះ​កើត​យូរ​ហើយ​ មុន​ព្រះ​ករុណា​នរោត្តម​សីហនុ​សោយរាជ្យ​ទៀត។​ លុះ​ដល់​សម័យ​លន់ ណុល​ គេ​ឃើញ​មាន​ផ្សារ​មាន​លក់​ដូរ​ដដែល​ ប៉ុន្តែ​ដល់​ឆ្នាំ​១៩៧៩​ គេ​លែង​ឃើញ​មាន​លក់​ដូរ​ទៀត​ហើយ​ តែ​ផ្ទះ​នៅ​មាន​ដដែល។​ ខាង​មុខ​ផ្សារ​ស៊ីញែក​មាន​បារ​មួយ​ឈ្មោះ«រិច្ច»​ បន្ទាប់​មក​គេ​ផ្លាស់​ប្តូរ​ទៅ​ដាក់​ត្រង់​ផ្សារ​ចាស់​ ហើយ​គេ​ដាក់​ប៉ុស្តិ៍​សម្រាប់​កប៉ាល់​ ឬ​កាណូត​ ចូល​ចត​ ដើម្បី​ជា​កន្លែង​ប្រមូល​ពន្ធ​គយ​ ហើយ​ឈ្មោះ​ផ្សារ​ស៊ីញែក​ក្លាយ​មក​ពី​ពាក្យ​ដែល​គេ«ស៊ីញ៉េ»​ ប្រមូល​ពន្ធ​នេះ​ឯង។
  .បើ​តាម​យោបល់​លោក​អ៊ំ​ ស៊ុំ សម័យ៖​ ផ្សារ​ស៊ីញែក​មាន​ផ្ទះ​ក្បឿង​បីបួន​តូចៗ​ នៅ​ទីនោះ​ ពោល​គឺ​នៅ​ក្រោយ​មន្ទីរ​ទេសចរណ៍​សព្វថ្ងៃ​ជួរមាត់ទន្លេ។​ ម្យ៉ាង​បន្ទាប់​ពី​គេ​ឈប់​លក់ដូរ​នៅ​ផ្សារស៊ីញែក​ គេ​រើ​ទៅ​លក់​នៅ​ផ្សារ​សួន​វិញ​ពេល​ដែល​បារាំង​ឳ្យ​រើ​ទៅ​ ហើយ​រៀបចំ​សង់​ផ្ទះ​វិញ។​ ផ្សារ​ស៊ីញែក​នេះ​ បើ​ហាង​ណា​មួយ​ចង់​លក់​គ្រឿង​ប្រាក់​នោះ​ គឺ​ទាល់​តែ​សុំ​ចូល​ជា​សមាជិក​សាលា​រចនា​ជាមុន​សិន។​ ផ្សារ​នេះ​មាន​លក់​គ្រឿងទេស​ ទឹកអប់​ គ្រឿង​ក្រអូប​ នៅ​ផ្ទះ​អ្នកឌួង​តែ​ម្តង​ ហើយ​វា​កើត​ឡើង​ដោយ​មាន​ឈ្មោះ​ដូច្នេះ​តែ​ម្តង។
III. សន្និដ្ឋាន
  យោង​តាម​ការ​ផ្តល់​ព័ត៌មាន​របស់​អស់​លោក​ខាង​លើ​ យើង​អាច​សន្និដ្ឋាន​បាន​ថា​ផ្សារ​ស៊ីញែក​កើត​ឡើង​យូរយារ​ណាស់​មក​ហើយ​ ប្រហែល​នៅ​ជំនាន់ស្តេច​ស៊ីសុវត្ថិ។​ ផ្សារ​ស៊ីញែក​នេះ​ បើ​ពិនិត្យ​ទៅ​តាម​ស្ថានភាព​ភូមិ​សាស្ត្រ​ និង​ប្រវត្តិ​នៃ​រឿងរ៉ាវ​ឃើញ​ថា​វា​សក្តិសម​ទៅ​នឹង​ការ​ផ្តល់​ឳ្យ​នូវ​ឈ្មោះ​ដូច​នេះ​ណាស់​ តែ​ទោះ​ជា​យ៉ាង​ណា​យើង​ក៏​បាន​ដឹង​ និង​យល់​កាន់​តែ​ច្បាស់​ពី​ប្រភព​ដើម​របស់​ទី​កន្លែង​នេះ​ដែរ។

1 comment:

  1. បើតាមខ្ញុំវិញ ខ្ញុំគិតថា អាចជាពាក្យ លាវ ឬពាក្យថៃ ដែល ស៊ីញែក បានន័យថា ផ្លូវបែកជាបួន មូលហេតុដែលខ្ញុំសន្និដ្ឋានថាពាក្យ លាវ ឬក៏ថៃ ដោយសារតែម្តុំនេះមានពួកជាងវាំងរស់នៅច្រើន ហើយពួកជាងវាំង និងអ្នករាំនៅវាំង នោះ មានមួយចំនួនជាពួកលាវ ឬថៃ ដែលចូលមកនៅស្រុកខ្មែរតាំងពីសម័យស្តេចនរោត្តម ឬក៏ស្តេចស៊ីសុវត្ថិ ។ ខ្ញុំធ្លាប់អានអត្ថបទសម្ភាសន៌យាយម៉ែម៉ឺន គាត់ថាគាត់ចូលមកនៅស្រុកខ្មែរសម័យស្តេចស៊ីសុវត្ថិ ជាមួយម្តាយរបស់គាត់ ម្តាយរបស់គាត់ជាជនជាតិលាវ ។ ក្រុមថៃ លាវ អស់នោះ ប្រហែលជាតាំងទីលំនៅនៅក្បែរព្រះបរមរាជវាំងនេះហើយ ទើបធ្វើឱ្យមានការហៅផ្លូវបែកជាបួន នេះថា ស៊ីញែក តាមសំនៀងលាវ បើសំនៀងថៃមាត្រដ្ឋាន នឹងអានចេញសំនៀង ស៊ីយ៉ែក ទៅវិញ ។

    ReplyDelete

Blogger Tips and TricksLatest Tips And TricksBlogger Tricks
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks