Friday, October 9, 2015

បទ គាន់​ដូ​មាសស្នេហ៍

      Quando, Quando, Quando នេះ​ជា​ចំណងជើង​នៃ​បទ​ចម្រៀង​ដែល​លោកអ្នក​កំពុង​ស្តាប់​នៅពេលនេះចំណង​ជើង​នេះ មានន័យ​ជា​ភាសា​ខ្មែរ​ថា​ ពេលណា ពេលណា ពេលណា  Quando, Quando, Quando គឺជា​បទ​ចម្រៀង​ដ៏​ពេញ​និយម​របស់​អ៊ីតាលី​ដែល​ត្រូវបាន​ប្រគំ​ឡើងជា​ចង្វាក់​បូសា​ណូវ៉ា(Bossa nova)

      Quando, Quando, Quando ប្រសូត​ឡើង​ដោយ​ស្នាដៃ​និពន្ធ​ទំនុក​ច្រៀង​របស់​កវី​អ៊ីតាលី​ឈ្មោះអាល់​ប៊ើ​ តូ​ថិ​ស្តា (Alberto Testa) និពន្ធ​បទ​ភ្លេង និង​ច្រៀង​ដោយ​អ្នកចម្រៀង​ឈ្មោះតូនី​ រ៉េនីស (Tony Renis)បទ​ចម្រៀង​នេះ​បាន​ចេញ​លក់​នៅ​ឆ្នាំ១៩៦២

     
នៅ​ឆ្នាំ ១៩៦២ ដដែល បទ​ចម្រៀង​នេះ​ត្រូវបាន​ទំនុក​ជា​ភាសា​អង់គ្លេស​ដោយ​កវី​ឈ្មោះ​អ៊ើ​វីន ដ្រេ​ក ( Ervin Drake) និង​ច្រៀង​ដោយ​អ្នកចម្រៀង​អាមេរិកាំង​ឈ្មោះ ភែ​ត ប៊ូ​ន (Pat Boone)។ ជា​បន្តបន្ទាប់ បទ​ចម្រៀង Quando, Quando, Quando ត្រូវបាន​អ្នក ចម្រៀង​ជាច្រើន​នាក់​យកទៅ​ច្រៀង​ជា​ភាសា​ជាតិ​របស់ខ្លួន។ ក្នុង​ចំណោម​អ្នក​ដែល​ច្រៀង​បទ​នេះ​ជា​ភាសា​អង់គ្លេស អ្នក​ចម្រៀង​ប៉ប់​ឈ្មោះអ៊ីង​ហ្គឹ​ល​ប៊ើ​ត ហាំ​ផឹ​ឌី​ង ( Engelbert Humperdinck) ទទួល​បាន​ប្រជាប្រិយភាព​ជាង។ទាំង​បទ​ចម្រៀង​ជា​ភាសា​អ៊ីតាលី និង បទ​ចម្រៀង​ជា​ភាសា​អង់គ្លេស សុទ្ធតែ​បាន​ច្រៀង រៀប​រាប់​អំពី​អារម្មណ៍​របស់​បុរស​ម្នាក់​ដែល​បាន​ឃ្លាត​ចាក​ពី​នារី​ជាទី​ស្រឡាញ់​របស់​ខ្លួន។ បុរស​នោះ រង់ចាំ​ពេល​វេលាណា​មួយ​ដែល​នារី​ជាទី​ស្រឡាញ់​ត្រឡប់​មករក​ខ្លួន​វិញ​ដើម្បី​ផ្តើម​ស្នេហ៍​ជាថ្មី។ 
      នៅ​កម្ពុជា​ឯណេះ​វិញ នៅ​ពាក់​កណ្តាល​ទសវត្សរ៍​ឆ្នាំ១៩៦០ ផលិត​កម្ម​ខេមរា​ថាស​បាន​ចេញ​ លក់​បទ​ចម្រៀង​នេះ​ជា​ភាសា​ខ្មែរ ។ បទ​នេះ​និពន្ធ​ទំនុក​ច្រៀង​ជា​ថ្មី​ដោយ​លោក ទេព សុខុម និង ច្រៀង​ដោយ​លោកស៊ីន ​ស៊ី​សាមុតបទ​ចម្រៀង​នេះ មាន​ចំណងជើង​ថា គាន់​ដូ​មាស​ស្នេហ៍ ផ្ទុយ​ពីបទ​ចម្រៀង​ជា​ភាសា​អ៊ីតាលី និង​អង់គ្លេស​ បទ​ចម្រៀង​នេះ​បាន​ច្រៀង​រៀបរាប់​អំពី​សម្រស់​នារី​ម្នាក់​ដែល​ស្រស់​ស្អាត​គ្មាន​គូ​ផ្ទឹមសម្រស់​នេះ​បាន​ទាក់ទាញ​ទឹកចិត្ត​កវី​ និង​ប្រុសៗ​គ្រប់​ប្រាណ​ឱ្យ​លង់​ស្នេហ៍​នឹង​នាង។ ប៉ុន្តែ​យុវជន​យើង​បែរ​ជា​យល់​ថា​នារី​នោះ​នៅ​ខ្ពស់​ហួស​ឆ្ងាយ​នឹង​ឈោង​ចាប់​ទៅវិញ។

      ប្រជាប្រិយភាព​របស់​ប​ទ​ចម្រៀង Quando, Quando, Quando បាន​រសាត់​ឆ្លង​សតវត្សរ៍ អស់​រយៈពេល៥៣ឆ្នាំ​ហើយ  បទ​ចម្រៀង​នេះ ត្រូវ​បាន​គេ​កែសម្រួល​និងផលិត​ឡើង​វិញ​ជា​ភាសា​ប៉ទុយហ្គាល់ ភាសា​អាល្លឺម៉ង់ ភាសា​ប៉តូរីកូ​ ភាសា​អ៊ីស្តូនៀ ភាសា​វៀតណាមជាដើម។ បទ​ចម្រៀង​ទាំងនោះ ត្រូវ​បាន​ផលិត​ដើម្បី​ដាក់​លក់​ ចាក់​ផ្សាយ​តាម​វិទ្យុ ទូរទស្សន៍ និង​ដាក់​បញ្ចូល​ក្នុង​ខ្សែ​ភាពយន្ត​ផងដែរ
ដកស្រង់ពីសារព័ត៌មានថ្មីៗ (លោក ឃុត សុខឿន)

No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks