Friday, October 9, 2015

បទ «ខ្ញុំ​រង់ចាំ»

    
      តាមរយៈ​ទំនុក​ច្រៀង​នៃ​បទ «ខ្ញុំ​រង់ចាំ» ដែលមាន​លាយឡំ​នឹង​ពាក្យពេចន៍​ភាសា​បារាំង «J’attendrai» យើង​អាច​សន្និដ្ឋានបានថាបទ​ចម្រៀង​​នេះ​ត្រូវបាន​ផលិតឡើង ក្នុងអំឡុង​ពេល​ដែល​​ប្រទេស​កម្ពុជា​នៅ​រង​ឥទ្ធិពល​ពី​បារាំង​នៅ​ឡើយ គឺ​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៥០ ឬ​ឆ្នាំ១៩៦០ ។ ប៉ុន្តែ​បទ​ចម្រៀង​នេះ​មិន​មែនមាន​ប្រភព​មកពី​ប្រទេស​បារាំង​នោះទេ។ "ខ្ញុំ​រង់ចាំ"មាន​ប្រភព​ដើម​​មកពី​ប្រទេសអ៊ីតាលី"ខ្ញុំ​រង់ចាំ"ជា​បទ​ចម្រៀង​នៅក្នុង​ល្ខោន​​អូ​ប៉េ​រ៉ា រឿង Madama Butterfly
      ឆ្លៀត​ក្នុង​នាទី​នេះ ខ្ញុំ​សូម​សង្ខេប​រឿង Madama Butterfly ជូន​ប្រិយមិត្ត​ស្តាប់​បន្តិច​សិន។ រឿងនេះ​និយាយ​អំពី​ទីក្រុង​ណាហ្គា​សា​គី ប្រទេស​ជប៉ុនឆ្នាំ១៩០៤Butterfly គឺជា​នាមរបស់​ក្មេងស្រី​ជប៉ុន​វ័យ១៥ឆ្នាំ​ម្នាក់ដែល​បាន​រៀបការ​ជាមួយ​នាវិក​ជនជាតិ​អាមេរិកាំងឈ្មោះPinkerton។ បន្ទាប់ពី​រៀបការ​រួច Pinkerton បាន​ចាក​ចោល​នាងButterfly ទៅ​សហរដ្ឋ​អាមេរិកដោយ​សន្យាថា​នឹង​ត្រឡប់មករ​កនាង​វិញ។ ក្រោយមក​នាងButterflyសម្រាល​បានកូន​ប្រុស​ម្នាក់។  ពេលវេលា​បាន​កន្លងផុតទៅ នៅតែ​
មិនឃើញ​Pinkerton ត្រឡប់​មក​វិញ។ ដោយ​សេចក្តីស្រឡាញ់ និង​ស្មោះស្ម័គ្រ​ចំពោះ​ប្តី នាង​Butterflyនៅតែ​ទន្ទឹងរង់ចាំ​មើលផ្លូវ​ប្តី​របស់​​នាង​ជានិច្ច​ដោយ​សង្ឃឹមថា​ប្តី​របស់​នាង​នឹង​ត្រឡប់មកវិញ។ 
៣ឆ្នាំ​ក្រោយ​មក ប្តី​របស់​នាង​បាន​ត្រឡប់​មកវិញ​ដោយ​នាំ​ភរិយា​ថ្មី​មកជា​មួយ​ផង។ ប្តី​របស់​នាង​ត្រឡប់​មក​វិញ​ដោយមាន​បំណង​ចង់​យក​កូនប្រុស​ទៅអោយ​ប្រពន្ធ​ក្រោយ​របស់គាត់​ចិញ្ចឹម។ ប៉ុន្តែ​ដោយ​​យល់​ឃើញ​ថា​ខ្លួន​ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ​ចំពោះ Butterfly ប្តី​របស់​នាង​មិន​ហ៊ាន​មក​ជួប​មុខ​នាង​ផ្ទាល់​នោះទេ។ នៅ​ទីបំផុត​នាង Butterflyបាន​យល់​ព្រម​ប្រគល់​កូនប្រុសឱ្យ​ទៅ​ប្តី​របស់​នាង​ដោយ​ឱ្យ​ប្តី​របស់​នាង​មក​ទទួល​កូន​ដោយ​ផ្ទាល់។ បន្ទាប់ពី​ច្រៀង​លា​កូន​ប្រុស​​រួចមក នាងButterfly​បាន​ធ្វើ​អត្តឃាត​ដោយ​អារក​របស់​នាង​នឹង​កាំបិត។
     
ដោយ​ពេញ​ចិត្តនឹង​បទ​ចម្រៀង​ដែល​ច្រៀង​នៅក្នុង​ល្ខោន​អូ​ប៉េ​រ៉ា​រឿង Madama Butterfly នៅ​ឆ្នាំ ១៩៣៣ អ្នក​និពន្ធទំនុក​ច្រៀង​ជន​ជាតិ​អ៊ីតាលី​ឈ្មោះ Nino Rastelli និង​អ្នក​និពន្ធ​បទ​ភ្លេង​ឈ្មោះ Dino Olivieri បានរួម​គ្នា​និពន្ធ​បទ​ចម្រៀង​មួយ​បទ​មាន​ចំណង​ជើង​ថាTonerai ដែលមាន​ន័យ​ជា​ភាសា​ខ្មែរ​ថា "អ្នកនឹង​ត្រឡប់​មកវិញ"ឆ្នាំ​ក្រោយ​មក បទ​ចម្រៀង Tonerai ត្រូវបាន​គេ​ថត​បញ្ចូល​ក្នុង​ថាស។ អ្នកចម្រៀង​ដ៏​ល្បី​ឈ្មោះ​ម្នាក់​របស់​អ៊ីតាលីគឺ​លោកCarlo Buti គឺជា​អ្នក​ច្រៀង​បទ​ចម្រៀង​នេះ។ Tonerai ត្រូវបាន​ថត​នៅ​ដើម​ខែ​តុលា​ឆ្នាំ១៩៣៧​នៅ​ស្ទូឌីយូ​របស់​ផលិតកម្មColumbia ក្នុង​ក្រុងMilan ប្រទេសអ៊ីតាលី
     
នៅ​ឆ្នាំ១៩៣៨ អ្នក​ចម្រៀង​បារាំង​ឈ្មោះ Rina Ketty បាន​យក​បទ​ចម្រៀងTonerai មក​ច្រៀងជា​ភាសា​បារាំង​ដោយ​មាន​លោក​LouisPotératប្រែ​សម្រួល​និង​សរសេរ​ទំនុកច្រៀង។ដោយសារ​សម័យ​នោះ ពិភព​លោក​បានចាប់ផ្តើម​រង្គោះរង្គើ​ និង​បាក់បែក​ដោយសារ​សង្គ្រាម​លោក​លើក​ទី​ពីរ ហើយ​ដោយសារតែ​ការ​ចាក​ចេញ​ដោយ​គ្មាន​ការវិលត្រឡប់​របស់​យុទ្ធជន​មួយចំនួន បានធ្វើឱ្យ​បទ​ចម្រៀង​ខ្ញុំ​រង់ចាំJ'attendrai នេះចាក់​ចូលក្នុង​ក្រឡៅ​បេះដូង​របស់អ្នក​ស្តាប់ ពិសេស​អ្នកដែល​នៅ​រង់ចាំ​មនុស្ស​ជាទី​ស្រឡាញ់​របស់ខ្លួន​នា​សម័យ​នោះ។ ខ្ញុំ​រង់ចាំ ឬ​J'attendrai ទទួលបាន​ប្រជាប្រិយភាព​យ៉ាង​សម្បើម​នៅ​ទី្វ​ប​អឺរ៉ុប ហើយ​បាន​ក្លាយជា និមិត្តរូប​នៃ​ការចាប់ផ្តើម​សង្គ្រាមលោកលើកទីពីរ។
      នៅ​ឆ្នាំ១៩៣៩ បទ​ចម្រៀង ខ្ញុំ​រង់ចាំ ឬ J' attendrai ត្រូវបាន​អ្នកចម្រៀងអាល្លឺម៉ង់ឈ្មោះ Michael Jary យកមក​ច្រៀង​ជា​ភាសា​អាល្លឺម៉ង់។ បទ​នេះ​មាន​ចំណង ជើង​ថា​Komm Zurück។ ជា​បន្ត​បន្ទាប់មកទៀត បទ​ចម្រៀង ខ្ញុំ​រង់ចាំ ឬ J' attendrai ត្រូវបាន​យក​ទៅ​ច្រៀងជា ភាសាឆែក​ដែល​មាន​ចំណង​ជើង​ថា Vérím Vám, ច្រៀង​ជា​ភាសា​ស៊ុយ​អ៊ែត មាន ចំណងជើង​ថា Blott för dig និង​ច្រៀង​ជា​ភាសាប៉ូឡូញ​មាន​ចំណង​ជើងថាCzekam Cie។ល។
     
ខ្ញុំ​រង់ចាំ ឬ Tonerai J' attendrai បានក្លាយ​ជា​បទ​ចម្រៀង​ដ៏​ល្បី​នៅ​សតវត្សរ៍​ទី២០ ។ បទ​ចម្រៀង​ត្រូវបាន​ច្រៀ​ន​ឡើងវិញ​ជាច្រើនលើក​ច្រើនសារ​ពេញ​មួយ​សត​វ​ស្សរ៍​ទី២០ និង​ឆ្លង​ចូល​សតវត្សរ៍​ទី២១នេះ​ផងដែរ។ ផ្នែក​ខ្លះ​នៃ​បទ​ចម្រៀង​នេះ​ត្រូវបាន​គេ​យក​ទៅ​ដាក់​បញ្ចូល​នៅក្នុង​ខ្សែភាពយន្ត​ផង​ក៏មាន។ ទោះបីជា​បទ​ចម្រៀង​នេះ​ត្រូវបាន​យកទៅ​ច្រៀង ដោយ​អ្នកចម្រៀង​ច្រើន​ជាតិ​សាសន៍​យ៉ាងណា​ក៏​ដោយ​ក៏​បទ​ចម្រៀង​នេះ​នៅ​រក្សា​អត្ថន័យ​ដើម​ដដែល។
      ដូចដែល​ប្រិយមិត្ត​បាន​ជ្រាប​ហើយ​ថា បទ​ចម្រៀង "ខ្ញុំ​រង់ចាំ"មាន​ដំណើ​រវិ​វត្ត​និង​ល្បីល្បាញ​ពាស​ពេញពិភព​លោក។ កម្ពុជា​មិនមែន​ជា​ប្រទេស​តែមួយគត់​នោះ​ទេ ដែល​យក​បទ​ចម្រៀង​​នេះ​មក​ច្រៀង​ជា​ភាសា​ជាតិរបស់ខ្​លួន។ ដោយ​បទ​ចម្រៀង​ជា​ផ្នែក​មួយ​នៃ​វប្បធម៌ ហើយ​ដោយ​កម្ពុជា​មិនមាន​ជា​កោះ​ដែល​នៅ​ដាច់​តែ​ឯង ដូច្នេះ​ហើយ​បានជា​កម្ពុជា​ចៀស​មិន​ផុតពី​ការរង​ឥទ្ធិពល​របស់​វប្បធម៌​បរទេស។ ប៉ុន្តែ​អ្នក​និពន្ធ​​ខ្មែរ ផលិតករ​ខ្មែរ សិល្បករ​ខ្មែរ មាន​ស្នាដៃ​ខ្ពស់​ក្នុងការ​ធ្វើអោយ​អ្នក​ស្តាប់​ទទួល​យកបទ​ចម្រៀង​នេះ​បានតាំងពី​អតីតកាល​រហូតមកដល់​បច្ចុប្បន្ន។
                 ដកស្រង់ពីសារព័ត៌មានថ្មីថ្មី(លោក ឃុត សុខឿន)

No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks