ខណៈនោះខ្យងស័ង្ខបានលិចទៅដល់ឋានបាតាលដែលសោយរាជដោយស្តេចភុជង្គនាគ
ព្រះអង្គក៏បាននិម្មិតជាផ្កាឈូកមាសមួយមកទ្រខ្យងស័ង្ខ
និងទទួលព្រះពោធិសត្វជាបុត្រចិញ្ចឹម។
ខ្យងស័ង្ខមិនអាចរស់នៅឋាននាគបាន
ទើបស្តេចភុជង្គនាគបានបញ្ជូនខ្យងស័ង្ខមកឋានមនុស្សលោកតាមសំពៅមានភោជនអាហារគ្រប់បែបយ៉ាង
ដោយព្រះអង្គអធិដ្ឋានថា«បើខ្យងស័ង្ខជាសព្វញ្ញូ
សូមឱ្យសំពៅអណ្ដែតទៅដល់នគរតាវ័នហើយយក្ខិនីពន្ធរសជាស្តេចនៅនគរនោះចិញ្ចឹមថែរក្សាបុត្រ»។
រយៈពេលជាច្រើនខែកន្លងមក
សំពៅមាសក៏បានមកដល់នគរយក្ស
ហើយយក្ខនីពន្ធរសបានចិញ្ចឹមថែរក្សាខ្យងស័ង្ខទុកជាបុត្រ ដោយខ្យងស័ង្ខមិនបានដឹងថាព្រះនាងជាយក្សឡើយ។
គ្រាដំបូងនាងបានធ្វើពិធីហៅព្រលឹងដើម្បីឱ្យខ្យងស័ង្ខមានថាមពលឡើងវិញ។
ថ្ងៃមួយយក្សពន្ធរសបានទៅដើររកអាហារក្នុងព្រៃ។
មុនពេលទៅនាងបានហាមប្រាមបុត្រមិនឱ្យទៅស្រះមាសស្រះប្រាក់ដែលជាស្រះព្រលឹងស្វាមីខ្លួន។
ពេលនោះខ្យងស័ង្ខបានទៅលេងស្រះ
ហើយបានដឹងថាព្រះនាងជាយក្ស
ព្រះអង្គក៏រត់ចេញពីនគរនោះទៅ។
លុះព្រះនាងពន្ធរស
ត្រឡប់មកវិញមិនឃើញបុត្រ
ព្រះនាងក៏ហោះតាមរក។
ពេលជួបជាមួយខ្យងស័ង្ខ
ព្រះនាងបានអង្វរបុត្រឱ្យត្រឡប់ទៅនគរវិញ
តែខ្យងស័ង្ខមិនព្រមទៅ
ទើបព្រះនាងបានប្រាប់ពីអាថ៌កំបាំងវត្ថុស័ក្តិសិទ្ធិទាំងបី
គឺទី១ស្រោមងោះ
ជាអាវក្រោះការពារអាវុធគ្រប់ប្រភេទ
ទី២ឈើច្រត់
អាចហោះហើរលើអាកាសដល់ចក្រវាឡតែមួយពព្រិចភ្នែក
ទី៣ស្បែកជើងកែវ
អាចដើរលើទឹកបាន។
ជាចុងក្រោយព្រះនាងក៏បានបង្រៀនដល់បុត្រពីវិជ្ជាដែលអាចកោះហៅត្រី
សត្វនានា និងសម្បត្តិកែវកងផ្សេងៗបាន។
បន្ទាប់ពីបង្ហាត់បង្រៀនចប់
ព្រះនាងក៏បានសោយទិវង្គតទៅ។
ខ្យងស័ង្ខ
ក៏បានចាត់ចែងបូជាព្រះសពព្រះមាតាទៅតាមប្រពៃណី។
ក្រោយមកព្រះអង្គក៏បានពាក់ស្រោមងោះធ្វើដំណើរបន្តទៅទៀត។
និយាយពីព្រះបាទសាមល
សោយរាជ្យនៅសាមលនគរ
មានអគ្គមហេសីនាមសាមលទេវីដែលមានបុត្រី៧អង្គប្រកបដោយរូបឆោមល្អណាស់។
ថ្ងៃមួយព្រះអង្គក៏បានប្រកាសជ្រើសរើសស្វាមីឱ្យបុត្រីគ្រប់អង្គ
ដោយបានផ្ញើសារទៅនគរចំណុះ១០១នគរឱ្យនាំបុត្រាមកប្រឡង។
ពិធីរើសស្វាមីបានប្រព្រឹត្តទៅដោយព្រះនាងទាំងប្រាំមួយអង្គបានរើសស្វាមីម្នាក់មួយៗលើកលែងតែបុត្រីពៅដែលរើសមិនបានស្វាមីនឹងគេ។
ដោយទ្រង់យល់ឃើញថាបុត្រីពៅរបស់ព្រះអង្គមិនបានពេញចិត្តលើបុរសណាមួយក្នុងចំណោមបុរសទាំងអស់នោះ
ទើបព្រះអង្គបញ្ជាឲ្យមន្ត្រីអាមាត្យប៉ាវគងប៉ាវឃ្មោះ
និងលេងភ្លេងផង
ប្រសិនបើបុត្រីពៅពេញចិត្តបុរសណាត្រូវយកកម្រងផ្កាទៅបំពាក់ឲ្យបុរសនោះ
ប៉ុន្តែព្រះនាងនៅតែមិនពេញចិត្តដដែល។
ដោយទាល់តម្រិះ
ព្រះអង្គក៏ឲ្យអាមាត្យទៅហៅអស់រាស្ត្របុរស
ទាំងចាស់
ទាំងក្មេងឲ្យមកចូលរួមពិធីជ្រើសរើសព្រះស្វាមី
ប៉ុន្តែទោះបីជាយ៉ាងណាក៏ព្រះនាងនៅតែមិនពេញព្រះទ័យនឹងនរណាម្នាក់ឡើយ។
ដោយនៅក្នុងនគរទាំងមូលនៅសល់តែបុរសតែម្នាក់គត់ជាបុរសដែលមានមុខមាត់អាក្រក់គួរឲ្យខ្លាច។
នៅពេលនោះព្រះបាទសាមលរាជបានចាត់ឲ្យសេនាមាត្យទាំងឡាយទៅហៅមនុស្សងោះនោះមក។
ខ្យងស័ង្ខដែលពាក់ងោះ
បានអធិដ្ឋានថា«បើនាងពៅពិតជាគូពីបុព្វេមែន
សូមឱ្យនាងមើលឃើញពីរូបពិតរបស់ខ្លួននៅក្នុងស្រោមងោះនេះ»។
បន្ទាប់ពីនោះមក
នាងពៅក៏បានមើលឃើញរូបពិតរបស់ងោះដែលមានរូបឆោមលោមពណ៌ស្អាត
ទើបព្រះនាងរើសយកងោះជាស្វាមី
ដែលជាហេតុបណ្ដាលឱ្យសេនាសព្វមុខមន្ត្រី
និងអ្នកចំណុះនគរសើចចំអកព្រះនាង។
ព្រះរាជាខ្ញាល់យ៉ាងខ្លាំងក៏បណ្តេញនាងពៅឱ្យចេញទៅក្រៅនគរ។
ក្នុងការរួមរស់ជាមួយគ្នា
ងោះបានដោះស្រោមចេញមកផ្ទំជាមួយនាងពៅតែពេលរាត្រីប៉ុណ្ណោះ។
យប់មួយ
នាងពៅបានលួចយកស្រោមងោះនេះទៅដុតចោលតែដុតមិនឆេះ
ទើបចាប់ពីពេលនោះមក
ខ្យងស័ង្ខបានពាក់ងោះលែងដោះចេញរហូត។
(សូមរង់ចាំអានវគ្គទី៣
ដែលជាវគ្គបញ្ចប់)
No comments:
Post a Comment