លោក ស៊ីន ស៊ីសាមុត (១៩៣២-១៩៧៦) គឺជាអ្នកនិពន្ធបទចំរៀងនិងជាអ្នកចំរៀង ខ្មែរដ៏ល្បីល្បាញនាអំលុងទសវត្សរ៍ឆ្នាំ ៥០ ដល់ ៧០។ គាត់មានរហស្សនាមថាជា អធិរាជសំលេងមាស។ លោក ស៊ីន ស៊ីសាមុត ទទួលមរណភាពក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៩៧៦។ ភាពល្បីល្បាញរបស់លោក ស៊ីន ស៊ីសាមុត បានពីទឹកដមសំលេងដ៏ក្រអួនក្រអៅ ពីរោះរណ្ដំចិត្ត គួបផ្សំនិងបទចំរៀងមនោសញ្ចេតនាគ្រប់រសជាតិ លន្លង់លន្លោច សប្បាយ កំសត់ ខ្លោចផ្សា -ល- ដែលជាស្នាដៃនិពន្ធផ្ទាល់របស់លោក និងអ្នកនិពន្ធដទៃក្នុងជំនាន់លោក។
ស្ថានភាពសិល្បៈតន្ត្រីនាសម័យនោះប្រជាប្រិយភាពរបស់លោក ស៊ីន ស៊ីសាមុត មិនបានធ្វើឱ្យចុះទន់ខ្សោយកិត្តិនាមរបស់អ្នកចម្រៀងដទៃទៀតដូចជា លោក អ៊ឹម សុងសឺម និង អ្នកស្រី ហួយ មាស ដែលច្រៀងឱ្យវិទ្យុជាតិនាសម័យនោះទេ។
លោក មាស ហុកសេង អ្នកសិល្បៈចម្រៀងនៅមហាវិទ្យាល័យវិចិត្រសិល្បៈភ្នំពេញ(សាលារចនា) មានកិត្តិនាមល្បីតាមរយៈបទ លលកញីឈ្មោល នៅឆ្នាំ ១៩៦៦។ កិត្តិស័ព្ទរបស់តារាចម្រៀងល្បីៗទាំងនេះបានដោយសារទឹកដៃនិពន្ឋរបស់កវី ម៉ា ឡៅពី ដែលបាននិពន្ឋបទល្បីៗដូចជា ដៃសមុទ្រត្រពាំងរូង និង បទលលកញីឈ្មោល ជាដើម។ លោក ម៉ា ឡៅពី បានលាចាកលោកនៅរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក។ លោក អ៊ឹម សុងសឺម ច្រើនតែច្រៀងនិងមិនសូវនិពន្ឋបទភ្លេងទេ។ បទចម្រៀងល្បីរបស់លោកគឺបទ កោះត្រល់ ដែលបានថតនៅឆ្នាំ ១៩៦៣ នៅតែដក់ជាប់ក្នុងដួងចិត្តខ្មែរគ្រប់រូប ដែលសោកស្តាយការបាត់បង់កោះត្រល់ទៅវៀតណាម។ លោក អ៊ឹម សុងសឺម និងអ្នកស្រី ហួយ មាស តែងតែទៅតាម ព្រះបាទនរោត្តម សីហនុ ពេលទ្រង់ចុះទៅទស្សនកិច្ចតាមខេត្ត ដើម្បីច្រៀងបទចម្រៀងប្រជាប្រិយ មានរាំវង់ជាដើមសម្រាប់កំដរបងប្អូនប្រជាពលរដ្ឋ ដែលទៅទទួលស្វាគមន៍ព្រះប្រមុខរដ្ឋ។ លោក សុះ ម៉ាត់ ក៏ជាអ្នកចម្រៀងល្បីនាសម័យនោះដែរ តាមរយៈបទ អាកាសយាន។ អ្នកគាំទ្រលោក សុះ ម៉ាត់ ភាគច្រើនជាអ្នកដែលមិននិយមបទថ្មីៗរបស់លោក ស៊ីន ស៊ីសាមុត ដែលចេញក្រោយ។
កុមារភាព
លោក ស៊ីន ស៊ីសាមុត ចាប់កំណើតនៅថ្ងៃ២៣ សីហា ១៩៣២ នៅខេត្តស្ទឹងត្រែង។ លោកជាកូនប្រុសពៅនៃបណ្ដាបងប្អូន៤នាក់ (ប្រុស២ ស្រី២) របស់ លោក ស៊ីន លាង និងអ្នកស្រី ស៊ីប ប៊ុនលឿ ដែលជាកូនកាត់ឡាវ-ចិន។ លោកឪពុករបស់លោកជាឆ្មាំយាមពន្ឋនាគារនៅខេត្តបាត់ដំបងនិងជា ទាហានបដិវដ្តន៍ប្រឆាំងអាណានិគមបារាំង។ លោកឪពុក របស់លោកបានលាចាកលោកដោយជំងឺ ហើយម្តាយរបស់លោកក៏រៀបការម្តងទៀត ដែលអាពាហ៍ពិពាហ៍ក្រោយនេះបន្សល់ទុកនូវកូន២នាក់ទៀត។លោក ស៊ីន ស៊ីសាមុត បានចូលរៀននៅសាលាបឋមសិក្សាទីរួមខេត្តស្ទឹងត្រែងពេលអាយុ៥ឆ្នាំ។ លោកជាក្មេងល្អ និង ទទួលបានការស្រឡាញ់ចូលចិត្តពីគ្រូនិងមិត្តរួមថ្នាក់។ លោកមាននិស្ស័យជាមួយសិល្បៈតាំងពីអាយុ៦ឬ៧ឆ្នាំដោយចូលចិត្តកូតទ្រ ដេញហ្គីតា និងចាប៉ី។ ជាញឹកញាប់លោក ត្រូវបានសាលាសុំ អោយលេងហ្គីតាក្នុងពិធីបុណ្យផ្សេងៗនៅសាលា។ កាលពីកុមារ លោកជាក្មេងសុភាព ស្រគត់ស្រគំ ចិត្តល្អ និងចេះអាណិតអាសូរអ្នកដទៃ។ គេនិយាយថា លោកនិយាយទៅកាន់មនុស្សគ្រប់គ្នាដោយសំដំទន់ភ្លន់និងផ្អែមល្ហែម។ លោកតែងទៅ លេងវត្តនៅក្បែរផ្ទះជាញឹកញាប់និងបាននិយាយលេងជាមួយព្រះសង្ឃនាពេលទំនេរ។ លោកមាននិស្ស័យនឹងព្រះពុទ្ឋសាសានា ដោយលោកបានសុំរៀនភាសាបាលីពីភិក្ខុមួយអង្គ។ លោកចូលចិត្តអានសៀវភៅ ទាត់បាល់ និង បង្ហោះខ្លែង។ ចំពោះការបរិភោគចូលចិត្តញ៉ាំតែម្ហូបគោក មានសាច់ មិនចូលចិត្តញ៉ាំបន្លែទេ ។ ពងទាចៀនជាម្ហូបដែលគេចូលចិត្តញ៉ាំជាប្រចាំ ។
លោកបញ្ចប់ការសិក្សាចំនេះទូទៅនៅឆ្នាំ ១៩៥១ ហើយក៏បានបន្តការសិក្សានៅសាលាវេជ្ជសាស្ត្រនៅភ្នំពេញដោយស្នាក់នៅជាមួយឪពុកមា របស់លោក។ ទោះជាមមាញឹកនឹងកិច្ចការរៀនសូត្រនៅសាលាវេជ្ជសាស្ត្រយ៉ាងនាក៏ដោយ លោកនៅអាចឆ្លៀតពេលទំនេរដើម្បីរៀនច្រៀង និងនិពន្ឋបទភ្លេងដែរ។ ក្នុងកំលុងពេលនោះ គាត់កំរចេញទៅដើរលេងខាងក្រៅណាស់ ដោយសារប្រាក់ឧបត្ថម្ភពីមាតាបិតាលោកគ្រប់គ្រាន់ ល្មមសំរាប់ចាយវាយក្នុងការសិក្សាប៉ុណ្ណោះ។ ហេតុនេះ លោកតែងចំនាយពេលទំនេររបស់លោកសំរាប់សិក្សាបទភ្លេងនិងហាត់ច្រៀង។ ដោយមានការគាំទ្រពីមិត្តភក្ដិដូចកាលពីនៅបឋមសិក្សាឋានដែរ លោកចាប់ផ្តើមល្បីនៅសាលារបស់លោកថាជាអ្នកមានទេពកោសល្យខាង តន្ត្រីនិងចម្រៀង ហើយលោកត្រូវបានគេសុំអោយច្រៀងនៅរាល់កម្មវិធីរបស់សាលា។ នៅឆ្នាំដដែលនោះ លោកបានបង្កើតក្រុមតន្ត្រីមួយឈ្មោះ ព្រះច័ន្ទរស្មី ដែលមានសមាជិក៩នាក់។ មិនយូរប៉ុន្មានក្រោយមក ក្រុមតន្ត្រីរបស់លោក ទទួលបានការគាំទ្រពេញនិយមពីសំណាក់ ប្រជាពលរដ្ឋក្រុងភ្នំពេញ។ ដោយមានភាពល្បីល្បាញនេះ នៅដើមឆ្នាំ១៩៥៣ ក្រុមតន្ត្រីរបស់លោកត្រូវបានវិទ្យុជាតិអញ្ជើញអោយចូលប្រគុំ រួមជាមួយក្រុមតន្ត្រីវិទ្យុជាតិឈ្មោះ រាជសីហ៍។ ពេលកិត្តស័ព្ទរបស់លោកចាប់ផ្ដើមល្បីពាសពេញភ្នំពេញ លោកក្លាយជាអ្នកចំរៀងពាក់កណ្ដាលអាជីព ដោយជារឿយៗលោកតែងចេញច្រៀងតាមវិទ្យុនិងពិធីមង្គលការផ្សេងៗ។ ជាអកុសល មាតាបិតារបស់លោកមិន សប្បាយចិត្តនឹងឮលោកច្រៀងតាមវិទ្យុទេ។ មាតាបិតារបស់លោកចង់អោយលោកក្លាយជាវេជ្ជបណ្ឌិត និងបារម្ភថាចំម្រៀងនឹងរំខានដល់ ការសិក្សារបស់លោក។ ប៉ុន្តែ វាសនាបានចារថា ស៊ីន ស៊ីសាមុតត្រូវតែក្លាយជាអ្នកចំម្រៀង ទោះជាមានការជំទាស់ពីគ្រួសារក៏ដោយ។
អាជីពជាសិល្បករ
ពេលដែលកម្ពុជាបានទទួលឯករាជ្យបរិបូរណ៍ពីបារាំងនៅឆ្នាំ ១៩៥៣ លោកចាប់ផ្តើមអាជីពជាសិល្បកររបស់លោក ដោយក្លាយជាអ្នកចំរៀងប្រចាំអោយ ស្ថានីយ៍វិទ្យុជាតិ។ គាត់បន្តការសិក្សាវេជ្ជសាស្ត្ររហូតដល់ចប់ និងចូលបំរើការងារនៅ មន្ទីរពេទ្យព្រះកេតុមាលា។ លោក ស៊ីន ស៊ីសាមុតនិពន្ឋបទភ្លេងដោយប្រើម៉ង់ដូលីន។ បទចំរៀងរបស់លោកជាទូទៅ មានលក្ខណៈមនោសញ្ចេតនា លន្លង់លន្លោច ដោយឆ្លុះបញ្ចាំងអំពីស្នេហាសុភមង្គល ឈឺចាប់ និងស្រមើស្រមៃ។ ទេពកោសល្យសិល្បៈ របស់លោកបានដោយការព្យាយាមដុសខាត់ទេពកោសល្យពីកំនើតរបស់លោក។ មានគេនិយាយថា គាត់បានប្រើប្រាស់វចនានុក្រម ដល់ទៅ៣ ដោយគ្រាន់តែចង់មើលតើពាក្យមួយសរសេរត្រឹមត្រូវឬអត់ ក្នុងភាសាខ្មែរ សំស្ក្រឹត និងបាលី។ចម្រៀងភាគច្រើនរបស់លោកផ្អែកលើជីវិតពិតនិងអារម្មណ៍របស់អ្នកស្ដាប់។ មិត្តអ្នកស្ដាប់តែងតែយករឿងរ៉ាវផ្ទាល់ខ្លួនគេ មានទាំងស្នេហានិងការបាត់បង់ សប្បាយនិងឈឺចាប់ សំរាប់ឲ្យលោកស៊ីន ស៊ីសាមុតនិពន្ធចម្រៀងដោយផ្អែកលើរឿងពិតនេះ។ ហេតុនេះអត្ថន័យក្នុងចម្រៀងរបស់លោក ភាគច្រើនជារឿងពិតរបស់មិត្តអ្នកស្ដាប់របស់លោក។ ពេលដែលលោកច្រៀង គ្រប់ពាក្យគ្រប់ម៉ាត់គឺច្បាស់ៗមួយៗ។ លោកតែងប្រយ័ត្នក្នុងការបញ្ចេញសំលេងអោយត្រឹមត្រូវតាមការសរសេរ ដោយមិនប្រើសំនៀងក្នុងភាសានិយាយទេ។ សំនៀងដ៏ក្រអួនមានទឹកដម ហើយអាចបត់បែនកាច់កុងតាមតែលោកចង់បាន មិនភ្លាត់មិនភ្លាវហើយខ្យល់សំនៀងដាក់ត្រូវតាមអត្ថន័យបទនីមួយៗប្លែកៗគ្នាទៀតផង ។ ចំណុចលេចធ្លោមួយទៀតនៃសំនៀងរបស់លោកគឺណែន ពីរោះ ច្បាស់ គ្មានបន្លំ គ្មានលួចបំភ័ន្តអ្នកស្តាប់មួយពាក្យ ឬមួយឃ្លាណាឡើយ ។ សូរស័ព្ទសំនៀង ដែលលោកបន្លឺពេញចំជាពាក្យខ្មែរត្រូវតាមអក្ខរាវិរុទ្ធ ហើយអឺនសំឡេងទៀតសោតទោះជាដាក់ទាបឬលើកខ្ពស់ ក៏លោករក្សាបាននូវកម្រិតសំឡេងដដែលហាក់គ្មានប្រឹងបង្ខំបន្តិចណាឡើយ ។
ដោយសារសំឡេងទន់ត្រជាក់ណែនក្រអួនរបស់លោក ស៊ីន ស៊ីសាមុត កាន់តែពីរោះឈ្មោះរបស់លោកបានកាន់តែលេចត្រដែតក្នុងចំណោមមហាជន ទើបនៅដើមទសវត្សរ៍៥០ លោកបានត្រូវម្ចាស់ក្សត្រី កុសុមៈនារីរ័ត្ន សព្វព្រះរាជហឫទ័យអនុញ្ញាតអោយលោកចូលក្នុងវង់ភ្លេងព្រះរាជទ្រព្យ ដែលក្នុងនោះមានលោក សុះ ម៉ាត់ដែរ ដើម្បីសំដែងក្នុងពិធីគារវកិច្ច ក៏ដូចជាលៀងសាយភោជន៍ផ្សេងៗ។ លោកស្ថិតនៅក្នុងវង្សភ្លេងនេះរហូតដល់ឆ្នាំ១៩៧០។ ក្រៅពីចម្រៀងសម័យ លោកក៏ច្រៀងចម្រៀងបុរាណនិងប្រពៃណីដែរដូចជា បទសកវាទិ៍ បទមហោរី អាយ៉ៃ ចាប៉ី យីកេ និងបាសាក់ផងដែរ។
នៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ៥០ បទវីយូឡុងស្នេហា ដែលនិពន្ឋដោយតន្រ្តីករវីយូឡុង ហាស់ សាឡន បានជំរុញកិត្តិស័ព្ទលោក ស៊ីន ស៊ីសាមុត អោយកាន់តែល្បីរន្ទឺ។ បទចំរៀងល្បីៗរបស់លោក ស៊ិន ស៊ីសាមុត នៅសម័យនោះមាន បទស្រីស្រស់ក្មេង បទអនុស្សាវរីយ៍ភ្នំក្រវាញ បទចុងស្រល់ បទថ្ងៃដប់ពីរធ្នូ បទកាកី បទកង្រី បទថ្ងៃមួយកក្កដា បទសំរស់ឆ្នេរកែប បទស្ទឹងពោធិ៍សាត់ និង បទព្រែកឯងអស់សង្ឃឹម ជាដើម។
ស្ថានភាពសិល្បៈតន្ត្រីនៅទសវត្សរ៍៦០
នៅឆ្នាំ ១៩៦៣ លោក ស៊ីន ស៊ីសាមុត ចាប់ផ្តើមថតចម្រៀងអោយផលិតកម្មវត្តភ្នំ។ បទចំប៉ាបាត់ដំបង បានឆក់យកបេះដូងអ្នកស្តាប់នៅទូទាំងប្រទេស។ នៅក្នុងបទសម្ភាសន៍មួយរៀបចំឡើងនៅឆ្នាំ ១៩៧១ ដោយទូរទស្សន៍សាធារណរដ្ឋ អ្នកសម្ភាសន៍លោកបានរំលឹកឡើងថា បទចំប៉ាបាត់ដំបង នេះជាបទដំបូងគេបង្អស់ដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍នេះ ដើម្បីអបអរសាទរពិធីសម្ភោធស្ថានីយ៍របស់ខ្លួននៅឆ្នាំ១៩៦៥។កិត្តិស័ព្ទរបស់លោកឡើងដល់កំពូលនៅពាក់កណ្តាលទសវត្សរ៍៦០។ លោកបានចូលរួមថតបទចម្រៀងថ្វាយព្រះបាទនរោត្តមសីហនុ ដូចជា បទរាត្រីដែលបានជួបភ័ក្រ និង បទភ្នំពេញ។ នៅចុងទសវត្សរ៍៦០ និងដើមទសវត្សរ៍៧០ លោកចាប់ផ្តើមថតបទចម្រៀងដាក់ក្នុងភាពយន្តពេញនិយមមួយចំនួននាសម័យនោះ មាន រឿងអនអើយស្រីអន រឿងទិព្វសូដាច័ន្ទ និង រឿងថាវរីមាសបង។ ក្នុង រឿងពៅឈូកស ដឹកនាំថតដោយលោក ទា លឹមកាំង សំដែងដោយ លោក ជា យុតថន និង អ្នកស្រី ឌីសាវ៉េត, បទនាវាជីវិត របស់លោក ស៊ីន ស៊ីសាមុត កាន់តែធ្វើអោយផ្ទៃរឿងកាន់តែកំសត់។ បទនាវាជីវិត បន្ទរឡើងនៅក្នុងឈុត ជា យុតថន ចេញទូកចាកចោលភរិយា (សំដែងដោយអ្នកស្រី ឌី សាវ៉េត)អោយនៅកណ្តោចកណ្តែង។
នៅក្នុងជីវិតសិល្បៈរបស់លោក លោកធ្លាប់ថតបទចំរៀងឆ្លងឆ្លើយជាមួយអ្នកចម្រៀងស្រីជាច្រើនមានដូចជា អ្នកស្រី ម៉ៅ សារ៉េត អ្នកស្រី កែវ សិដ្ឋា អ្នកស្រី ឈុន វណ្ណា អ្នកស្រី ហួយមាស អ្នកស្រី រស់ សេរីសុទ្ឋា និង អ្នកស្រី ប៉ែន រ៉ន។ អ្នកស្រី ម៉ៅ សារ៉េត ជាអ្នកចំរៀងស្រីដែលមានឈ្មោះល្បីទូទាំងប្រទេសដំបូងគេចាប់ពីកម្ពុជាបានឯករាជ្យ។ បទចំរៀងល្បីរបស់អ្នកស្រីគឺ បទសំបុត្រក្រោមខ្នើយ និងបទអោយអូនអស់ចិត្ត។ អ្នកស្រី ប៉ែន រ៉ន ចាប់ផ្តើមថតចំរៀងជាមួយលោក ស៊ីន ស៊ីសាមុត នៅឆ្នាំ ១៩៦៦។ អ្នកស្រី រស់ សេរីសុទ្ឋា ចាប់អាជីពសិល្បៈករនៅឆ្នាំ ១៩៦៧ ជាមួយនឹងបទស្ទឹងខៀវ។ សំលេងស្រួយស្រេះរបស់អ្នកស្រីសក្តិសមឥតខ្ចោះជាមួយសំលេងធ្ងន់ក្រអួនរបស់លោក ស៊ីន ស៊ីសាមុត។
ទសវត្សរ៍៧០
ប្រជាប្រិយភាពរបស់លោក ស៊ីន ស៊ីសាមុត បានធ្វើអោយលោកមិនអាចនិពន្ឋបទភ្លេងអោយទាន់តំរូវការអ្នកគាំទ្រលោក។ ហេតុនេះគាត់ក៏ចាប់ផ្តើមយកបទរបស់កវីផ្សេងទៀតមកច្រៀង។ ដំបូងគាត់ច្រៀងបទនិពន្ឋរបស់ លោក ពៅ ស៊ីផូ លោក ស្វាយ សំអឿ លោក ម៉ា ឡៅពី លោក មែរ ប៊ុន (មិត្តស្និទ្ឋស្នាលរបស់លោក) និងលោក ហាស់ សាឡន។ ពីឆ្នាំ ១៩៧០ដល់ឆ្នាំ ១៩៧៥ ភាគច្រើនគាត់ច្រៀងបទនិពន្ឋដោយលោកវ៉ោយ ហូរ។ ទោះជាគាត់ច្រៀងបទដែលនិពន្ឋដោយអ្នកដទៃ បទចំរៀងរបស់គាត់នៅតែមានប្រជាប្រិយភាព។ ព្រមជាមួយបទចំរៀងផ្ទាល់ខ្លួន លោកក៏បានយកទំនុកភ្លេងបរទេសមកច្រៀងជាខ្មែរដែរ។ ដូចជា បទឆ្នាំមុន និងបទស្នេហ៍ឆ្លងវេហា ដែលយកពីថៃ បទបងនៅតែចាំអូន តាមលំនាំបទ The House of the Rising Sun បទខ្ញុំស្រលាញ់ស្រីតូច លំនាំបទ Black Magic Woman។ ក្រៅពីនោះលោកតែងបទដោយខ្លួនឯង ដែលមានរឿងខ្លះជារឿងផ្ទាល់របស់លោក មានបទខ្លះជារបស់មិត្តភក្តិ មកដំណាលប្រាប់លោកឱ្យលោកតែងឱ្យគេ ។ ហេតុនេះហើយទើបរៀងរាល់ថៃ្ងតាំងពីព្រឹកព្រលឹមគឺ មានមនុស្សអង្គុយចាំលោកនៅមុខផ្ទះរួចជាស្រេច ដើម្បីសុំឱ្យជួយលោកតែងបទពីជីវិតឬពីការឈឺចាប់ណាមួយរបស់គេ ។ ចំពោះសំណូមពរនេះ លោកតែងដោះស្រាយឱ្យជាហូរហែដែរ ទើបបទរបស់លោកភាគច្រើនវាខ្លីមួយបទមែន តែវាបានឆ្លុះបញ្ចាំងឱ្យឃើញពីវិបត្តិមួយយ៉ាងធំ ពីព្រឹត្តិការណ៍ធំណាមួយឬពីដំណើរជីវិតរបស់មនុស្សម្នាក់តាំងពីដើមរហូតដល់ចប់ ហើយពោរពេញដោយមនោសញ្ចោតនាយ៉ាងជ្រាលជ្រៅទៀតផង។នៅក្រោយមកទៀត លោកស៊ីន ស៊ីសាមុតថតអាល់ប៊ុមអោយផលិតកម្មច័ន្ទឆាយា និងផលិតកម្មហេងសេង។ លោកក៏សរសេរចំរៀងអោយផលិតកម្មភាពយន្តផ្សេងៗផងដែរ។ រហូតមកទល់ឆ្នាំ១៩៧២ លោកបានលក់ចំរៀងជាង១ពាន់បទអោយផលិតកម្មនានា។ រហូតដល់ការដួលរលំនៃសាធារណរដ្ឋខ្មែរនៅឆ្នាំ១៩៧៥ លោកបានថតចំរៀងប្រហែល១ពាន់បទទៀត។
បន្ទាប់ពីរដ្ឋប្រហារថ្ងៃទី១៨ មីនា ១៩៧០ លោកស៊ីន ស៊ីសាមុតបានចាកចោលវង្សភ្លេងព្រះរាជទ្រព្យ ទៅការិយាល័យទី៥នៃក្រសួងអគ្គសេនាធិការកងទ័ពជាតិសាធាណរដ្ឋខ្មែរ។ គាត់បានធ្វើការនៅការិយាល័យទី៥រយៈពេល១ឆ្នាំ រួចក៏ចូលក្នុងក្រុមតន្ត្រីក្រសួងក្នុងឋានៈជាអនុសេនីយ៍ទោ។ នៅមុនពេលខ្មែរក្រហមកាន់កាប់ លោកបានឡើងឋានៈដល់អនុសេនីយ៍ឯក។
នៅសម័យលន់នល់ គាត់ចាប់ផ្តើមច្រៀងចំរៀងឃោសនាអោយសាធារណរដ្ឋខ្មែរ។ នៅក្នុងកម្មវិធីទូរទស្សន៍នៅឆ្នាំ១៩៧១ គាត់ច្រៀងបទគាំទ្ររបបសាធារណរដ្ឋ ក្នុងសំលៀកបំពាក់យោធាដោយពាក់មួកកន្តិបបិតបាំងថ្ងាសឆកបន្តិចរបស់លោក។ គាត់បានរៀបអាពាហ៍ពិពាហ៍ជាថ្មីម្តងទៀតជាមួយអ្នករាំរបាំព្រះរាជទ្រព្យម្នាក់។ នៅពេលខ្មែរក្រហមវាយបានភ្នំពេញនៅខែមេសា ១៩៧៥ លោកត្រូវបានគេជន្លៀសចេញពីក្រុងជាមួយប្រជាពលរដ្ឋរាប់លានអ្នកទៀត។ គាត់ត្រូវពួកខ្មែរក្រហមសំលាប់បន្ទាប់ពីលោកថតបទចំរៀងអោយពួកវារួចហើយ។
ជីវិតផ្ទាល់ខ្លួន
ស្នេហា អាពាហ៍ពិពាហ៍និងគ្រួសារ
លោកស៊ីន ស៊ីសាមុត មិនដែលមានទំនាក់ទំនងស្នេហាអោយបានច្បាស់លាស់ជាមួយអ្នកណាទេ។ ដោយសារតែលោកមានមហិច្ចតាខ្ពស់និងបូជាខ្លួនសំរាប់ចំរៀង ហេតុនេះលោកមិនមានពេលសំរាប់មានស្នេហាផ្អែមល្អែមទេ។ ទំនាក់ទំនងរបស់លោកជាមួយស្រីៗ ទំនងជាគ្រាន់តែត្រឹមជាមិត្តជាជាងស្នេហា។លោកស៊ីន ស៊ីសាមុតរៀបអាពាហ៍ពិពាហ៍២ដង។ បន្ទាប់ពីបញ្ចប់ការសិក្សាពីសាលាវេជ្ជសាស្ត្រ លោករៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី ខាវ ថងញ៉ុត ដែលជាបងប្អូនជីជូនមួយជាមួយលោក តាមការចាត់ចែងរបស់មេបា។ ពួកលោកមានបុត្រាបុត្រី៤នាក់។ បន្ទាប់ពីសម័យខ្មែរក្រហម មានតែកូនស្រីម្នាក់និងកូនប្រុសម្នាក់ទេដែលរួចរានមានជីវិត។ ជីវិតគ្រួសាររបស់លោកចាប់មានភាពរកាំរកូតដោយសារ សំពាធពីអាជីពនិងកេរ្តិ៍ឈ្មោះរបស់លោក។ ភរិយារបស់លោកបានចាកចោលលោកទៅបួសជាដូនជី ពេលលោកស្រីមានអាយុ៣០ឆ្នាំ។
ទោះបីជាលោកស៊ីន ស៊ីសាមុតមានទេពកោសល្យនិងធ្វើការខ្លាំងផ្នែកចំរៀងនិងតន្ត្រីក៏ដោយ ប្រាក់ចំនូលរបស់លោកមានកំរិតមធ្យម បើប្រៀបធៀបនឹងអ្នកល្បីៗផ្សេងទៀត។ ទោះជាលោកជាអ្នកចំរៀងមានប្រជាប្រិយបំផុតនៅសម័យនោះក៏ដោយ ក៏លោកមិនអាចក្លាយជាអ្នកមានមហាសាលម្នាក់ដែរ។ លោកមានជីវភាពមធ្យម ដោយសារតែទេពកោសល្យនិងការងារចម្រៀងនិងតន្ត្រីរបស់លោកសុទ្ធសាធ គ្មានចំណូលអ្វីមកពីក្រៅទៀតទេ។ លុយកាក់របស់លោកត្រូវបានស្វះស្វែងរកដោយសេចក្តីព្យាយាម និងសន្សំសំចៃរហូតដល់លោកសង់បានវីឡាធុនមធ្យមមួយនៅទួលទំពូង។ ប៉ុន្តែប្រាក់ចំនូលរបស់លោកអាចអោយលោកដូររថយន្តវ៉ុលវ៉ាហ្គិន (Volkswagen)ពណ៌ខៀវផ្ទៃមេឃ យករថយន្តមែរសឺដែស (Mercedes 220D)ពណ៌ខៀវបាន។
ជាទូទៅ ជីវិតរបស់លោកគឺសមញ្ញណាស់ ដោយចំនាយពេលភាគច្រើនសំរាប់ធ្វើការងារ។ ដោយសារតែប្រាក់ចំនូលបានពីសិល្បៈរបស់លោកមានកំរិតមធ្យម លោកបានហាមប្រាមកូនៗរបស់លោកមិនអោយចាប់អាជីពជាសិល្បៈករចំរៀងតន្ត្រីទេ។ លោកបានពន្យល់ដល់កូនប្រុសរបស់លោក(ស៊ីន ច័ន្ទឆាយ៉ា)ថា អាជីពជាអ្នកចំរៀងគ្មានតំលៃទេ។ ទោះជាកូនៗរបស់លោកបង្ហាញទេពកោសល្យផ្នែកចំរៀងក៏ដោយ ក៏ស៊ីន ស៊ីសាមុតមិនដែលជួយលើកទឹកចិត្តឬជួយបង្ហាត់បង្រៀនកូនៗ ពីសិល្បៈតន្ត្រីនិងចំរៀងដែរ។
មិត្តភក្តិនិងចំណង់ចំណូលចិត្ត
លោក ស៊ីន ស៊ីសាមុត ជាមនុស្សម៉ឺងម៉ាត់ក្នុងការងារ។ ក្នុងមុខជំនួញលោកជាមនុស្សម៉ាត់ណាម៉ាត់ហ្នឺង គឺគោរពពាក្យសំដីនិងតែងផ្តល់នូវអ្វីដែលគាត់បានសន្យា។ ពេលវេលា ឬតម្លៃដែលបានព្រមព្រៀងគ្នាប៉ុនណា ប៉ុន្មានគឺប៉ុណ្ណោះ ហើយមិនឱ្យលើសមិនឱ្យយឺតឱ្យច្រើនជាងក៏មិនយកឱ្យតិចជាងក៏មិនព្រម។គាត់មិនសូវនិយាយស្តីនិងកំប្លែងលេងឥតប្រយោជន៍ទេ មិនថាចំពោះភរិយា មិត្តភក្តិឬអ្នកមិនដែលស្គាល់គ្នាក៏ដោយ។ គេនិយាយថាមានថ្ងៃខ្លះគាត់និយាយមិនដល់១០ម៉ាត់ផងក្នុង១ថ្ងៃ។ ពេលដែលគាត់គ្មានកម្មវិធីសំដែង គាត់តែងចាក់សោរខ្លួនឯងក្នុងបន្ទប់សំងំសសេរបទភ្លេង រហូតដល់មានញាតិញោមខ្លះប្រកាន់ថាលោកជាមនុស្សឆ្មើងឆ្មៃ ឬមិនសូវរាប់ញាតិ។ តាមការពិតពេលវេលារបស់លោកជាមាសប្រាក់ពិតៗថ្វីបើមាសប្រាក់នោះចំពោះអ្នកដទៃវាមិនអាចធ្វើដូចលោកក៏ដោយ។ ក្នុងការត្រិះរិះឬក្នុងការសរសេរ លោកដាក់អារម្មណ៍រហូតដល់មិត្តភក្តិទៅឈរក្រោយខ្នងលោកយ៉ាងយូរ ទើបលោកផ្តាច់អារម្មណ៍ចេញមកពីការងារមកសួរនាំបាន ។រៀងរាល់យប់ស្នូរម៉ុងដូលីនរាវរកបទរបស់លោក អូសបន្លាយរហូតដល់ម៉ោង២ឬ៣ទៀបភ្លឺក៏មាន ។មិត្តភក្តិនៅដើមអាជីពរបស់លោកមានអ្នកស្រី ម៉ៅ សារ៉េត (ម្ចាស់បទមេឃខ្មៅងងឹត) អ្នកម្នាង សៀង ឌី និងលោក សុះ ម៉ាត់ ។ មិត្តជិតដិតបំផុតរបស់លោកមាន លោក មែរ ប៊ុន (អ្នកដែលលោកទុកចិត្តបំផុត) និងលោក ស៊ីវ ស៊ុន ។ គេនិយាយថាលោកស៊ីវ ស៊ុន ជាលេខារបស់លោកស៊ីន ស៊ីសាមុត។ លោក ស៊ីវ សុន មិនមែនជាអ្នកសិល្បៈទេ ប៉ុន្តែជាជំនួយការក្នុងការចាត់ចែងការងារផ្សេងៗជូនលោកស៊ីន ស៊ីសាមុត។
លោក ស៊ីន ស៊ីសាមុត ចូលចិត្តល្បែងជល់មាន់។ លោកថែមទាំងបានចិញ្ចឹមមាន់ជល់ដោយខ្លួនលោកផង។ លោកតែងភ្នាល់មាន់លេងជាមួយមិត្តភក្តិរបស់លោក។ គាត់តែងហាត់លើកទំងន់រាល់ព្រឹក។ ចំនូលចិត្តផ្សេងទៀតរបស់លោកមាន អានសៀវភៅនៅបណ្ណាល័យ និងមើលកុនបារាំងនៅរោងភាពយន្តលុច្សនិងរោងភាពយន្តព្រហ្មបាយ័ន។ ពេលយប់ បន្ទាប់ពីការសំដែង លោកតែងទៅហូបបបរជាមួយមិត្តភក្តិ។ គាត់មានកិច្ចសន្យាជាមួយភោជនីយដ្ឋាន៣នៅភ្នំពេញ ដោយច្រៀង២ទៅ៣បទក្នុងកំរៃ ១៥០០រៀល។ គួរបញ្ជាក់ដែរថាតំលៃគុយទាវនៅសម័យនោះមានតំលៃតែ ៥រៀលប៉ុណ្ណោះក្នុង១ចាន។ គាត់តែងទៅច្រៀងនៅរង្គសាលក្បាលថ្ម រង្គសាលនាគបាញ់ទឹក និងរង្គសាល១ទៀតនៅក្បែរក្រសួងមហាផ្ទៃ។
គាត់មិនមែនជាមនុស្សរើសម្ហូបទេ។ គាត់ចូលចិត្តហូបម្ហូបឡាវ ដែលជាម្ហូបម្ដាយលោកធ្វើអោយហូបតាំងពីក្មេង។ ចំពោះម្ហូបខ្មែរ គាត់ចូលចិត្តប្រហុក និងផ្អកត្រី តែលោកមិនញ៉ាំផ្ទាល់ទេ។ គាត់មិនដែលទទួលទានស្រាឬភេសជ្ជៈ ម្ទេស ម្រេច និងបារីទេ ព្រោះរបស់ទាំងនេះប៉ះពាល់ដល់ទឹកដមសំលេងគាត់។
កេរ្តិ៍ដំណែល
ទោះជាលោកបាត់បង់ជីវិតហើយក៏ដោយ បទចំរៀងរបស់លោកនៅតែដក់ជាប់ក្នុងដួងចិត្តប្រជាជនកម្ពុជា។ ខ្សែអាត់សំលេងរបស់លោកភាគច្រើនត្រូវបានបំផ្លាញនៅសម័យខ្មែរក្រហម។ ខ្សែអាត់ដែលនៅសេសសល់ត្រូវបានអ្នកស្រលាញ់សំលេងមាសរបស់លោកយកទៅថតបន្តជា កាសែត និងស៊ីឌី។ ហេតុនេះហើយសំលេងរបស់លោកនៅតែរស់រវើក តាមរយៈការផ្សាយរបស់ស្ថានីយ៍វិទ្យុនានា។អនុស្សាវរីយ៍ខ្លះនៃបទចម្រៀងរបស់លោកស៊ីន ស៊ីសាមុត
បទចម្រៀងរបស់លោកមួយចំនួនមានទាក់ទិននឹងរឿងរ៉ាវជីវិតរបស់លោកផ្ទាល់ដែលលោកបានចងក្រងសម្រាប់រូបលោក ហើយបទមួយចំនួនក៏ជាសាច់រឿងរបស់មិតភក្តិរបស់លោក ដែលបានស្នើសុំឱ្យលោកជួយធ្វើបទសម្រាប់ជាអនុស្សាវរីយ៍របស់ជីវិតដែរ ។- បទឧត្តមដួងចិត្ត លោកឆាយាជាកូនបានអះអាងថាជាបទអនុស្សាវរីយ៍យ៉ាងជ្រាលជ្រៅរបស់ឪពុកលោកនិងម្តាយរបស់លោក ក្នុងរយៈពេលដែលលោកទាំងពីរមានទំនាស់នឹងគ្នា ហើយម្តាយលោកបានចុះចោលលោកក្នុងរយៈពេលយ៉ាងយូរធ្វើឱ្យលោកតែងបទចម្រៀងនេះឡើង ក្នុងបំណងបង្ហាញពីចិត្តដែលពោរពេញដោយវិប្បដិសារីរបស់លោក ។
- បទអូនជាទេវីដួងចិត្ត ជាបទដែលរៀបរាប់ពីការស្រឡាញ់របស់លោកចំពោះនារីម្នាក់ដែលមានឋានៈខ្ពស់ឆា្ងយពីលោក ហើយលោកបានរក្សាយ៉ាងសមា្ងត់ក្នុងដួងចិត្ត។
- បទមិនបាច់រ៉ាយរ៉ាប់ប្រាប់ទៀតទេ ជាបទចម្លងក្លាយពីបទអន្តរជាតិ តែលោកក៏ចង់សំដៅដល់នារីម្នាក់ដែលបានរួមរស់ជាមួយលោកមួយរយៈពេល ហើយបានបែកទៅដោយសារខ្វះភក្តីភាពនឹងលោក ។
- បទស្លឹកឈើ ជាបទរបស់លោកឧត្តមសេនីយ៍ សាក់ ស៊ុតសាខន តែជាបទដែលលោក ស៊ិន ស៊ីសាមុត បានល្បីឈ្មោះស្មើនឹងបទសំរោងចុងកាល់របស់លោក ហាស់ សាឡន ដែរ ។
- បទចាំជួបរាល់ថៃ្ងលិច ជាបទដែលតែងដោយលោក វ៉ោយ ហូរ កំពុងតែតាមស្រឡាញ់នាងតារា ចោមច័ន្ទ ។ តែបទនេះសំឡេងម៉ុងដូលីនក្បាលបទ គឺជាស្នាដៃរបស់លោក ស៊ិន ស៊ីសាមុត ដេញដោយខ្លួនលោកផ្ទាល់ មុននឹងចាប់ផ្តើមវគ្គទីមួយ ។
- បទចម្រៀងឥតព្រាងទុក គឺជាអនុស្សាវរីយ៍របស់លោក ពៅ ស៊ីផូ ជាមិត្តរបស់លោកពេលជួបស្រី ម្នាក់នៅក្នុងរង្គសាលដោយចៃដន្យ។បទនេះត្រូវបានលោកយកទៅកសាងជាខ្សែភាពយន្តមានឈ្មោះថា ចម្រៀងឥតព្រាងទុក ដែលសម្តែងដោយលោក ជា យុទ្ធថន , អ្នកស្រី វីជ្ជរ៉ាដានី , អ្នកស្រី រស់ សេរីសុទ្ធា ផលិតដោយខ្លួនលោក ស៊ិន ស៊ីសាមុត ផ្ទាល់ និងបានបញ្ចាំងនៅរោងភាពយន្តហេមជាតិ ។
- បទពេលរាត្រី ដែលជាស្នាព្រះហស្ថសម្តេចព្រះបិតាឯករាជ្យជាតិ គឺលោក ស៊ិន ស៊ីសាមុត បានច្រៀងរួមជាមួយអ្នកចម្រៀង កែវ សេដ្ឋា ។
- ពេលដែលលោកចេញទៅទស្សនកិច្ចនៅប្រទេសបារាំង និង ហុងកុង លោកបាននាំត្រឡប់មកវិញនូវបទចម្រៀងអនុស្សាវរីយ៍ចំនួន២៥បទ ដូចជាបទស្តាប់ស្នូរទឹកភ្លៀង, បទលាហើយប៉ារីស, បទអង់តូនីញ៉ែតា, បទម៉ារីណា, បទម៉ាន់ដេ, បទវីយ៉ូឡែត្តា, បទរាត្រីនៅហុងកុង ជាដើម ៘ មានន័យថា ទោះលោកទៅដល់ទីណា នៅក្នុងប្រទេសណាក្តី គឺតែងមានអនុស្សារវីយ៍នាំមកជាមួយជានិច្ច ។
No comments:
Post a Comment