I.
ទីតាំងនិងស្ថានភាពបច្ចុប្បន្ន
សព្វថ្ងៃ
បឹងតេជោស្ថិតនៅត្រង់ផ្សារថ្មីក្នុងខណ្ឌដូនពេញព័ទ្ធជុំវិញដោយផ្លូវលេខ១២៦។
ផ្សារថ្មីជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំមួយនៅចំកណ្តាលទីក្រុងនៃព្រះរាជាណាចក្រកម្ពុជា។
ផ្សារថ្មីជាផ្សារដែលមានការនិយមចូលចិត្តទាំងជាតិនិងអន្តរជាតិ
ហើយគេបានចាត់ទុកជាបេតិកភណ្ឌ
និងជាបេះដូងរបស់ក្រុងភ្នំពេញ។
ផ្សារថ្មីត្រូវបានគេកសាងឡើងក្នុងឆ្នាំ១៩៣៧ដែលមានសណ្ឋានជាយន្តហោះដែលតួរបស់ខ្លួននៅកំពង់ចាម «ផ្សារកំពង់ចាម»
ហើយស្លាបរបស់ខ្លួននៅឯបាត់ដំបង «ផ្សារបាត់ដំបង»
(ប្រសាសន៍របស់លោកប្រធានផ្សារធំថ្មី)។
ផ្សារនេះមានទទឹង១២៦ម៉ែត្រ
បណ្តោយ១៧២ម៉ែត្រ
ផ្ទៃក្រឡា២១៦៧២ម៉ែត្រការេ។
II.
ប្រវត្តិបឹងតេជោ
យើងធ្លាប់បានដឹងរួចមកហើយថាដើមប្រទេសកម្ពុជា
ពិសេសក្រុងភ្នំពេញទាំងមូលគ្របដណ្តប់ដោយទឹកស្ទើរតែទាំងអស់។
ដូច្នេះដើម្បីកសាងរាជធានីបាន
គេចាំបាច់ត្រូវការដីខ្លះៗមកចាក់បំពេញតំបន់ណាដែលលិចទឹកឬដែលមានសភាពទាប។
មធ្យោបាយក្នុងការធ្វើឪ្យទីណាមួយក្លាយជាដីគោកបាន
គឺគេត្រូវប្រវាស់យកដីពីតំបន់មួយទៅតំបន់មួយជានិច្ចជាក់ស្តែងផ្សារថ្មីនេះតែម្តង។
មកដល់ត្រង់នេះច្បាស់ជាមានអ្នកខ្លះឆ្ងល់ថានិយាយពីបឹងតេជោ
តែបែរជាទៅរៀបរាប់ពីផ្សារធំថ្មីដែលនរណាស្គាល់ទៅវិញ។
ពិតប្រាកដណាស់ប្រជាជននៅទីណាៗក៏ធ្លាប់ស្គាល់ផ្សារថ្មីដែរ
ត្បិតថាវាជាផ្សារដ៏មានប្រជាប្រិយភាព
ហើយកកើតតាំងពីយូយារណាស់មកហើយ។
ប៉ុន្តែមានមនុស្សមួយចំនួនតូចតែប៉ុណ្ណោះដែលបានដឹងពីរឿងរ៉ាវ
និងប្រវត្តិពីអតីតកាលរបស់ផ្សារដ៏ល្អឆើតមួយនេះ។
តើផ្សារថ្មី
និងបឹងតេជោមានអ្វីទាក់ទងគ្នាទៅ?
តាមពិតទៅក៏មានឯកសារមួយចំនួនដែលគេបានរៀបរាប់ពីរឿងរ៉ាវរបស់ផ្សារនេះដែរ។
ទន្ទឹមនឹងឯកសារទាំងនោះ
យើងខ្ញុំដែលជានិស្សិតអក្សរសាស្ត្រខ្មែរ
បានខិតខំធ្វើការស្រាវជ្រាវបន្ថែមទៀតលើបញ្ហានេះ
ដោយបានជួប
និងសម្ភាសផ្ទាល់ពីអ្នកដែលបានដឹងពីរឿងរ៉ាវទាំងនោះមានដូចជា៖
១.
លោកតា
យក់ គុណ
អតីតសាស្ត្រាចារ្យសមាគមអ្នកនិពន្ធខ្មែរ
បច្ចុប្បន្នជាមន្ត្រីព្រះបរមរាជវាំង
បានមានប្រសាសន៍ថាបឹងតេជោគឺផ្សារថ្មីតែម្តង។
ក្នុងកាលពេលនោះព្រះបាទពញាយ៉ាតចាប់ផ្តើមកសាងរាជធានីវាំងចាស់ស្ថិតនៅត្រង់នោះគឺគេត្រូវការដីដើម្បីចាក់បំពេញតំបន់ជុំវិញវត្តភ្នំដូនពេញ
និងរាជវាំង ព្រោះទ្រង់ឈ្វេងយល់ថា
ការសាងសង់រាជធានីនៅទីនោះគឺស្ថិតនៅជិតវត្ត
ងាយស្រួលនឹងធ្វើពិធីសក្ការៈបូជា
ហើយមានភាពអ៊ូអរព្រោះវានៅជិតកំពង់ផែថែមទៀតផង
ហើយតំបន់ដែលមានដីរាបត្រូវគេហៅថាកំពង់រាបតរៀងមក។
រីឯដីដែលយកមកចាក់បំពេញវាំងនៅជុំវិញវត្តភ្នំនេះគឺបានមកពីដីនៅត្រង់ផ្សារថ្មីនេះឯង
នៅពេលដែលជីកដីយកទៅតំបន់នេះក៏ក្លាយទៅជាបឹងដ៏ធំបង្គួរមួយ។
ដោយសារការត្រាស់ពីព្រះមហាក្សត្របង្គាប់ឪ្យតាតេជោ
ចៅហ្វាយខេត្តសំរោងទងជាអ្នកចាត់ចែងក្នុងការជីកដីធ្វើក្រុងនេះ
ទើបបឹងនោះមានឈ្មោះថាបឹងតេជោ។
គាត់បានបន្ថែមទៀតថាបឹងតេជោនេះគឺកើតតំណាលគ្នានឹងព្រែកពាមផ្លុងដែរ
គឺចាប់តាំងពីការចាប់ផ្តើមកសាងរាជធានីរបស់ព្រះបាទពញាយ៉ាតមកម្ល៉េះ។
លុះដល់សម័យអាណានិគមបារំាង
ប្រហែលក្នុងឆ្នាំ១៩៣៥-១៩៣៧
បារាំងក៏ឪ្យគេយកដីពីបឹងសាឡាងមកចាក់បំពេញបឹងតេជោឪ្យមានសភាពរាបស្មើវិញ
ហើយក៏សាងសង់ជាផ្សារនេះឡើងតែម្តងរហូតដល់សព្វថ្ងៃ។
២.
លោក
ប៉ែន ណារិទ្ធ
អាយុ៥៧ឆ្នាំ
ជាប្រជាពលរដ្ឋនៅសង្កាត់ផ្សារថ្មីក្នុងខណ្ឌដូនពេញ
មានយោបល់ថានៅសម័យអាណានិគម
បារាំងបានលុបបឹងនៅត្រង់ផ្តុំផ្សារថ្មីនេះ
ហើយក៏ចាប់សាងសង់ជាផ្សារមួយដោយដាក់ឈ្មោះថាផ្សារថ្មីនេះឯង។
៣.
អ្នកស្រី
គង់ អឿន
អាយុ៤៥ឆ្នាំ ជាអាជីវករនៅផ្សារធំថ្មី
បានមានប្រសាសន៍ថា
កាត់មិនបានដឹងឮអ្វីច្រើននោះទេ
តែគាត់ឮគេនិយាយថាផ្សារថ្មីនេះពីមុនជាបឹងមិនមែនគោកដូច្នេះទេ
គឺវាដូចតែបាក់ទូកដែរ
អញ្ចឹងនេះប្រហែលជាពីមុនប្រទេសយើងសំបូរទឹកជាងគោកហើយមើលទៅនោះ។
III.សន្និដ្ឋាន
បើតាមការសង្កេត
និងប្រមូលផ្តុំឡើងវិញនូវយោបល់ទស្សនៈទាំងអស់នេះ
យើងអាចសន្និដ្ឋានបានថាមានការជីកដីដើម្បីកសាងរាជធានីពិតប្រាកដមែន
ត្បិតថាកាលនោះប្រទេសពោរពេញដោយទឹក
ដូច្នេះមធ្យោបាយដែលអាចធ្វើទៅបាន
និងមានការឆាប់រហ័សគឺត្រូវយកដីពីកន្លែងដែលខ្ពស់ហើយមិនចាំបាច់មកបង្គ្រប់សិន។
លុះដល់សម័យបារាំង
បារាំងក៏រៀបចំអភិវឌ្ឍទីក្រុងភ្នំពេញឡើងវិញ
ហើយក៏ប្រហែលជាតំបន់ផ្សារថ្មីនេះមានលក្ខណៈអំណោយផលច្រើន
ទើបគេសម្រេចចិត្តលុបបឹងធ្វើផ្សារដូចនេះ។
No comments:
Post a Comment