Sunday, March 1, 2015

ចានឈើ

       នៅ​ស្រុក​មួយ​មាន​លោក​តា​ចាស់​ម្នាក់ភរិយា​បានចែក​ឋាន​ទៅ​ហើយ​ ត្រូវ​មក​រស់នៅ​ជាមួយ​កូន​ប្រុស​ កូន​ប្រសារស្រី​ និងចៅ​ប្រុស​តូច​ម្នាក់។​ រាល់ថ្ងៃ​មនុស្ស​ទាំង​គ្រួសារ​បាន​មក​ជួប​ជុំ​គ្នា​ហូប​បាយ​ល្ងាច​លើតុ​មួយ។​ ដោយសារ​តែ​ភាព​ចាស់​ជរា​ លោកតា​តែង​តែ​ធ្វើ​ឳ្យ​ធ្លាក់​ស្លាបព្រា​ កំពប់​សម្ល​ ប្រឡាក់​នេះនោះ​មិនចប់​ ទើប​ធ្វើ​ឳ្យ​កូន​និង​កូន​ប្រសារស្រី​គាត់​ក្នក់ក្នាញ់​លោកតា។​ថ្ងៃមួយ​ប្តីប្រពន្ធ​ជាកូន​ក៏​ជំនុំ​គ្នា​ថា​ត្រូវ​តែ​បំបែក​គាត់​ឳ្យ​ទៅ​ហូប​បាយ​នៅ​មួយ​កន្លែង​គៀន​ជញ្ជាំង​ហើយ​ទើប​បាន។
      ក្រោយ​ពិគ្រោះ​គ្នា​រួច​ពីរ​នាក់​ប្តីប្រពន្ធ​បាន​ដាក់​តុ​តូច​មួយ​ក្បែរ​ជញ្ជាំង​ឆ្ងាយ​ពី​តុ​បាយ​ពួកគេ​ ហើយ​បាន​ដាក់​ម្ហូប​អាហារ​ឳ្យ​គាត់​ក្នុង​ចាន​ឈើ​មួយ​ដោយ​មិន​បារម្ភ​ខ្លាច​បែក​ចាន។​ ខណៈពេល​គ្រប់​គ្នា​ទទួល​ទាន​អាហារ​ពេលល្ងាច​យ៉ាង​សប្បាយ​រីករាយ​ លោក​តា​ទទួល​ទាន​បាយ​លាយ​ទឹក​ភ្នែក​សង្វេក​ខ្លួន​តែ​ម្នាក់​ឯង​ទៅវិញ។​ ប្តីប្រពន្ធ​នោះ​តែង​ស្តី​បន្ទោស​ឳ្យ​ឪពុក​ពេល​គាត់​ធ្វើ​ធ្លាក់សម​ស្លាបព្រា​ជាដើម។​
      រាល់​ទង្វើ​ទាំងនេះ​បាន​ដក់​ក្នុង​ចិត្ត​កូន​តូច​អាយុ​៤ឆ្នាំ​ ដោយ​មិនដឹង​ខ្លួន។​ ថ្ងៃមួយ​មុនពេល​បាយ​ល្ងាច​ ឪពុក​បានសង្កេត​ឃើញ​កូនប្រុស​តូច​កំពុង​លេង​បន្ទះឈើ​មួយ​នៅ​លើ​កម្រាល​ ហើយ​គាត់​ក៏សួរ​កូន​ប្រុស​តូច​ថា«តើ​កូន​កំពុងធ្វើ​ចេញ​ជា​ស្អី​ហ្នឹង។​ កូនក្មេង​ក៏​តប​ដោយ​ទន់ភ្លន់​ថា«ខ្ញុំ​កំពុង​ធ្វើ​ចាន​ឈើ​ទុក​ឳ្យ​ប៉ា​និង​ម៉ាក់​ញ៉ាំបាយ»។​ ប្តីប្រពន្ធ​មួយ​គូ​នោះ​បានឮ​សម្តី​នេះ​ហើយ​ក្នុង​ចិត្ត​សែន​ក្តុកក្តួល​ ហើយ​នឹក​ឃើញ​ពី​ទង្វើ​ខ្លួន​ធ្វើ​លើ​ឪពុក​ចាស់​នោះ។​ បន្តិច​ក្រោយ​មក​បុរស​ជា​កូន​ប្រុស​លោកតា​ក៏​បាន​ទៅ​ដឹក​ដៃ​លោក​តា​មក​ចូល​រួម​តុ​ពិសារ​អាហារ​ពេល​ល្ងាច​ ហើយ​លែង​ប្រកាន់​នូវ​ផល​រំខាន​ចិត្ត​នានា​ដែល​កើត​ពី​លោកតា​ទៀត​ហើយ។​
    តម្លៃ​អប់រំ
         កូនក្មេង​តែងតែ​សង្កេត​មើល​គំរូ​ ស្តាប់សម្តី​ ហើយ​ចិត្ត​គំនិត​របស់​គេ​ក៏​ដុះដាល​ទៅ​តាម​អ្វី​ដែល​គេ​ទទួល​បាន។​ ប្រសិន​បើ​ពួកគេ​មើល​ឃើញ​យើង​ព្យាយាម​បង្ករ​បរិយាកាស​ល្អ​ដល់​សមាជិក​គ្រួសារ​ នោះ​ពួកគេ​នឹង​អាច​ធ្វើ​តាម​ទង្វើ​ល្អៗ​ទាំងនោះ។​ ឪពុក​ម្តាយ​ឆ្លាត​តែងតែ​សាង​គំរូ​ល្អ​ដល់​កូន​បន្តិចម្តងៗ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ឳ្យ​ពួកគេ​ក្លាយ​ជា​មនុស្ស​ល្អ​ក្នុង​សង្គម។
                                                    (ដកស្រង់ពី​មេរៀន​ជីវិត)

No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks