I.ទីតាំង
និងស្ថានភាពបច្ចុប្បន្ន
សព្វថ្ងៃស្ពាននេះក្រៅពីបាត់រូបរាងរបស់ខ្លួនហើយគឺវាស្ទើរតែបាត់ឈ្មោះ
លែងមានអ្នកណាគេស្គាល់និងដឹងទៀតហើយ។
តាមការស្មានស្ពានកូនកាត់គឺប្រហែលជានៅត្រង់ម្តុំវិមានឯករាជ្យ
ដែលសព្វថ្ងៃសុទ្ធសឹងជាផ្លូវថ្នល់ធំៗ
និងជាសួនច្បារសម្រាប់លំអទីក្រុង។
II.ប្រវត្តិ
និងទំនាក់ទំនងនៃការដាក់ឈ្មោះ
ពិនិត្យតាមស្ថានភាពដីនៃប្រទេសកម្ពុជា
ឃើញថាពិតប្រាកដណាស់ដែលមានស្ពាននៅកណ្តាលទីក្រុង
ព្រោះថានៅទីនោះគឺប្របនឹងមាត់ទន្លេ។
ដោយមានចម្ងល់ពីបញ្ហានេះយើងខ្ញុំក៏បានចុះធ្វើការសាកសួរព័ត៌មានខ្លះៗដែលទាក់ទិន
ហើយយើងខ្ញុំក៏បានទទួលចម្លើយមួយចំនួនដូចជា៖
១.
តាមមតិរបស់លោកអ៊ំស៊ិន
ចាន់ថន
បានរៀបរាប់ថាស្ពានកូនកាត់នេះគ្រាន់តែជាព្រែក
មិនមែនជាអូរទេ
ចាប់ពីត្រឹមមុខវត្តលង្ការហូតដល់វិមានឯករាជ្យ
ហើយមានស្ពានឈើសម្រាប់ដើរចូលផ្ទះ។
ក្រោយមកគេចាក់ដីបាំងមុខវត្តបុទុមរហូតដល់វត្តថាន់
និងវិមានឯករាជ្យ
ហើយកន្លែងនោះគឺស្ពានកូនកាត់នេះឯង។
២.
ប្រសាសន៍លោកតាយក់
គុណ៖
ស្ពានកូនកាត់ប្រហែលជាកើតឡើងនៅក្នុងឆ្នាំ១៩៣៧
មានប្រវែងប្រហែល១០០ម
និងទំហំ(ទទឹង)
ប្រហែល
២.៥-៣ម។
វាជាស្ពានសម្រាប់ឆ្លងកាត់ផ្លូវព្រៃនគរ(ផ្លូវទៅចំការមន)
ទៅវត្តភ្នំ។
ហើយគេដាក់ឈ្មោះបែបនេះពីព្រោះថា
នៅកាច់ជ្រុងស្ពាន
មានផ្ទះមួយដែលជាជនជាតិបារាំង
តែគាត់ជាកូនកាត់យួនផង
ខ្មែរផង។ ដោយសារកាត់ច្រើនសាសន៍បែបនេះហើយ
ទើបគេហៅស្ពាននោះថាស្ពានកូនកាត់ដែរ
ត្បិតផ្ទះរបស់គេម្នាក់នោះនៅកៀនស្ពាននេះឯង។
ស្ពាននេះប្រហែលជាត្រូវគេចាក់ដីលុបនៅខ្ទង់ឆ្នាំ១៩៥៤-៥៥
ដើម្បីធ្វើជាសួនច្បារ។
៣.
ភិក្ខុ
រស់ យ៉ាន
ព្រះជន្ម ៦៥វស្សា
គង់នៅវត្តប្រលោមបានមានសង្ឃដីកាថា
ស្ពានកូនកាត់ស្ថិតនៅខាងត្បូងវិមានឯករាជ្យ
គឺចាប់ពីមាត់ទន្លេរហូតដល់សួនច្បារមុខវត្តបុទុម
មានរូបរាងជាស្ពានឈើ
ឈរពីលិចទៅកើត
ហើយវាបាត់រូបរាងប្រហែលជានៅឆ្នាំ១៩៥៣។
៤.លោកអ៊ំ
ស៊ុំ សម័យ
បានមានប្រសាសន៍ថា៖
ស្ពានកូនកាត់ស្ថិតនៅជាប់ផ្លូវទៅវិមានឯករាជ្យ។
ស្ពាននេះធ្វើពីស៊ីម៉ង់ត៍
ពីដើមជាអូរ
ហើយគេក៏រៀបចំធ្វើស្ពានកូនកាត់នេះដើម្បីឆ្លងកាត់វាតែប៉ុណ្ណឹងឯង។
៥.
លោកចៅអធិការវត្តលង្ការដែលមានព្រះជន្ម
៨៦វស្សា បានលើកឡើងថា
នៅម្តុំវិមានឯករាជ្យនេះពិតជាមានស្ពានមួយមែន
ព្រោះត្រង់កន្លែងនេះសុទ្ធសឹងជាអូរ
ហើយស្ពានគឺលាតសន្ធឹងពីមុខវត្តលង្ការរហូតដល់ដើមពោធិ៍ធំមួយនៅក្បែរវិមានឯករាជ្យ
តែដើម្បីសង់វិមានឯករាជ្យ
គេក៏បានលុបអូរនះទៅ។
III.សន្និដ្ឋាន
ទោះបីជាមានការលើកឡើងច្រើនបែបនេះក៏ដោយ
ក៏យើងមិនអាចសន្និដ្ឋានបានថា
រូបរាងស្ពានពិតប្រាកដនោះលាតសន្ធឹងពីណាដល់ណាទេ
ហើយមូលហេតុអ្វីដែលនាំឳ្យមានឈ្មោះស្ពានកូនកាត់នេះ
ព្រោះថាមនុស្សភាគច្រើនគឺគ្រាន់តែដឹងថាមានៗ
តែមិនបានដឹងឳ្យប្រាកដថានៅកន្លែងណាពិតប្រាកដនោះឡើយ
ហើយវាក៏ឆ្លងកាត់អស់ជាច្រើនជំនាន់ទៀតផង
ដូច្នេះវាមានការផ្លាស់ប្តូរទាំងរូបរាង
ទាំងស្លាកស្នាម
និងប្រជាជនដែលបានដឹងឮ។
ប៉ុន្តែទោះជាយ៉ាងនេះក្តី
វាក៏បានបង្ហាញឳ្យយើងបានដឹង
និងស្គាល់ពីរឿងរ៉ាវនិងស្ថានភាពរបស់វាដែរ។
No comments:
Post a Comment