Wednesday, November 25, 2015

ប្រវត្តិ​ពិធី​បុណ្យ​អុំ​ទូក

    
​​   ពិធី​បុណ្យ​នេះ​ គេ​តែង​ប្រារព្ធ​ធ្វើ​អស់​ថេរ​វេលា​ ៣ថ្ងៃ​ គឺ​ថ្ងៃ​ ១៤កើត ១៥កើត និងថ្ងៃ ១រោជ​ ខែកត្តិក ធ្វើ​នៅ​តាម​ដង​ទន្លេ​សាប​ នា​កំពង់​ផែ​មុខ​វាំង    
     ប្រវត្តិ​ពិធី​បុណ្យ​អុំ​ទូក​មាន​តាំង​ពី​បរម​បុរាណ​ដ៏​យូរ​លង់​មក​ហើយ​ ដែល​មាន​ចែង​ក្នុង​ឯកសារ​ប្រវត្តិ​វិទូ​បរទេស​ ក៏​ដូច​ជា​តាម​សិលា​ចារឹក​នៅ​ប្រាសាទ​អង្គរវត្ត។ សូម​បញ្ជាក់​ថា​បុណ្យ​អុំទូក​នេះ​មាន​ការ​បក​ស្រាយ​ប្លែកៗ​គ្នា​ជា​ច្រើន​ ហើយ​ពិធី​ធ្វើ​ក៏​ប្លែកៗ​គ្នា​ដែរ។


      . តាម​សៀវភៅ​ជ័យ​វរ្ម័ន​ទី៧ មាន​នៅក្នុង​វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ​យើង​ពី​ដើម​មក​ចែង​ថា៖នៅ​សម័យ​អង្គរ​នា​គ្រិស្ត​សករាជ​សតវត្ស​ទី១២ ក្នុង​កម្ពុជា​មាន​សេចក្តី​សុខ​ក្សេមក្សាន្ត​រុងរឿង​ណាស់​ដោយ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី៧ ស្តេច​ចេញ​ធ្វើ​សង្គ្រាម​ជើង​ទឹក​ ដើម្បី​បង្ក្រាប​ពួក​ចាម​ ដោយ​កងទ័ព​ទូក​រំដោះ​ប្រទេស​កម្ពុជា​រួច​ផុត​ស្រឡះ​ចេញ​ពី​ខ្មាំង​សត្រូវ(.ស​១១៧១១៨១)​ ។​ រឿង​ចម្បាំង​គ្រា​នោះ​មាន​ឆ្លាក់​នៅ​លើ​ជញ្ជាំង​ប្រាសាទ​បាយ័ន និងបន្ទាយឆ្មារ។​ ក្នុង​ចម្លាក់​នោះ​គេ​ឃើញ​មាន​កង​ទ័ព​ទូក​យ៉ាង​ច្រើន​មហិមា​ ដែល​មាន​ព្រះ​ឆាយាល័ក្ខណ៍​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី៧​ ប្រថាប់​ឈរ​លើ​ព្រះ​ទីន័ង​នាវា​ចម្បាំង​ដោយ​ទ្រង់​ធ្នូ​ និង​ដំបង​យ៉ាង​ស្វាហាប់​ក្នុង​ចំណោម​កង​ទ័ព​ទូក​ទាំងឡាយ។

      . ឯកសារ​ប្រណាំង​ទូក​របស់​ក្រុម​ជំនុំ​ទំនៀម​ទម្លាប់​លេខ​១៩០០៤​និពន្ធ​ដោយ​លោក ថាច់ ប៉ែន​ហៅ​បាំង​ អាចារ្យ​នៅ​ពុទ្ធ​សាសន​បណ្ឌិត្យ​រង​ខេត្ត​ឃ្លាំង​កម្ពុជា​ក្រោម​មាន​ចែង​ថា៖​ សម័យ​លង្វែក.ស២០៧១.ស១៥២៨​ ព្រះបាទអង្គចន្ទ​ទី១​ ទ្រង់​តាំង​ពញា​តាត​ ងារ​ជា​ស្និទ្ធ​ភូបាល​ ជា​ស្តេច​ត្រាញ់​នៅ​កម្ពុជា​ក្រោម​ ស្រុក​បាសាក់។​ ស្តេច​ត្រាញ់​នេះ​បាន​ចាត់​របៀប​រៀបចំ​ការពារ​ស្រុក​ដូច​តទៅ​នេះ៖
    - ក្រុមទី១​ ហៅ​ទ័ព​ស្រួច ហាត់​ច្បាំង​នឹង​ទូក ​ដែល​មាន​ទ្រង់ទ្រាយ​ដូច​ទូក​ប្រណាំង​យើង​សព្វថ្ងៃ។
      - ក្រុមទី២ ​ហៅ​ទ័ព​ជំនួយហាត់​ច្បាំង​នឹង​ទូក​ចែវ​ពីរ​ជួរ​ ដែល​មាន​ទ្រង់ទ្រាយ​ដូច​ទូក​ប្រណាំង​យើង​សព្វ​ថ្ងៃ

      - ក្រុមទី៣​ ហៅទ័ព​បាសាក់ គឺ​ទូក​ធំ​មាន​ដំបូល​ មាន​ចែវ​ មាន​ក្តោង​មាន​ទ្រង់​ទ្រាយ​ដូច​ជា​ទូកបាសាក់ ហៅ​ទូក​ប៉ុក​ចាយ តែ​រាង​ស្តូច​វែង​មាន​ដំបូល​តែ​មួយ​កាត់​ខាង​មុខ​ឥត​ជញ្ជាំង​។ល។ ជា​ទូក​ដាក់​ស្បៀង​អាហារ​សម្រាប់​កង​ទ័ព

      របៀប​បង្ហាត់​ច្បាំង​ "តាម​ទំនៀម​ស្តេច​ត្រាញ់​កម្ពុជា​ក្រោម" ស្រេច​លើ​មន្រ្តី​ ៤​ទិស "ចតុស្តម្ភ" ដែល​នៅ​ក្នុង​ឱវាទ​ស្និទ្ធ​ភូបាល​ស្តេច​ត្រាញ់​គ្រប់​ជំពូក​ ដែល​បញ្ញតិ​ច្បាប់​សម្រាប់​ស្រុក ។ល។ កំណត់​ថ្ងៃពេញ​បូណ៌មីខែ​កត្តិក​ រដូវ​អក​អំបុក​នោះ​ មន្ត្រី​ទាំង​ ៤ទិស ​ត្រូវ​កេណ្ឌ​ទាហាន​ទាំង​ជើង​ទឹក​ ជើង​គោក "សមយុទ្" ១ថ្ងៃ ១យប់ រាល់​ឆ្នាំ

      ចំណែក​ទាហាន​ជើង​ទឹក​ឲ្យ​ទៅ​ប្រឡង​ឫទ្ធី​ ឯ​ទន្លេ​ពាម​កន្ថោក្នុង​ខេត្ត​ឃ្លាំង ត្បិត​ទី​នោះ​ជា​ទី​ប្រជុំ​ទឹក​ គ្រប់​ខេត្ត​ទៅ​មក​បាន​ស្រួល

      តាម​សៀវភៅ ​និង​ឯកសារ​ ជា​ប្រភព​ទាំង​ពីរ​ខាង​លើ​នេះ​ អាច​សន្និដ្ឋាន​បាន​ថា ​ប្រទេស​កម្ពុជា​សម័យ​បុរាណ​ ជា​ប្រទេស​មាន​កងទ័ព​ជើង​ទឹក​យ៉ាង​ខ្លាំង​ពូកែ​ និង​មាន​ពិធី​ហ្វឹកហ្វឺន​ ពិធី​សម​យុទ្ធ​កង​ទ័ព​នេះ​ ជា​ប្រពៃណី​ជាប់​រៀង​រាល់​ថ្ងៃ​ ហើយ​អាច​សន្និដ្ឋាន​ថា​ប្រទេស​កម្ពុជា​ធ្វើ​ពិធី​នេះ​រៀង​រហូត​មក​ គឺ​ជាប់​តំណ​មក​ពី​សមយុទ្ធ​ក្នុង​សម័យ​បុរាណ​នេះ​ឯង

      - ឯកសារ​ខ្លះ​ បាន​និយាយ​ថា​ ពិធី​បុណ្យ​អុំ​ទូក​ គឺ​ជា​បុណ្យ​ប្រពៃណី​ជាតិ​ដ៏​ធំ​មួយ​នៅ​ប្រទេស​កម្ពុជាបុណ្យ​នេះ​មាន​រូបភាព​ប្រហាក់​ប្រហែល​នឹង​បុណ្យ​ប្រចាំ​រដូវ​របស់​ជនជាតិ​អឺរ៉ុប​ ដែល​មាន​ឈ្មោះ​ថា​ សាំង ហ្សង់ ដែល​បច្ចុប្បន្ន​ប្រារព្ធ​ធ្វើ​នៅ​អឺរ៉ុប​ខាងជើង

ប្រពៃណី​ខ្លះ​ មាន​ប្រវត្តិ​ជាប់​ទាក់​ទង​យ៉ាង​ជិតស្និទ្ធ​ទៅ​នឹង​ប្រវត្តិ​នៃ​ព្រះពុទ្ធ​ជា​ម្ចាស់ប៉ុន្តែ​ការ​បក​ស្រាយ​មួយ​ដែល​អាច​យក​ជា​ការ​គ្រប់គ្រាន់​គឺ​ក្នុង​បំណង​ "ដឹង​គុណ​ដល់​ព្រះ​គង្គា​ និង​ព្រះ​ធរណី​ដែល​បាន​ផ្តល់​ដល់​ជីវភាព​រស់នៅ​និង​សុខុមាលភាព​ចំពោះ​ទឹក​ដី​វិញ​ ដែល​យើង​នាំ​គ្នា​ធ្វើ​ឲ្យ​កករ​ល្អក់"

      ការ​បក​ស្រាយ​ចុង​ក្រោយ​នេះ​ គឺ​ដូច​គ្នា​បេះបិទ​ទៅ​នឹង​ទំនៀម​ទម្លាប់​នៃ​ព្រហ្មញ្ញ​សាសនា​ ហើយ​ស្រប​នឹង​ស្ថានភាព​ភូមិ​សាស្ត្រ​ជាក់​ស្តែង​ និង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជា​កសិករ​យើង

ពិធី​បុណ្យ​អុំទូក​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ពេញ​បូណ៌មី​ ខែ​កត្តិក​ ស្រប​ទៅ​នឹង​រដូវ​ទឹក​ជំនន់​ ដែល​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មក​ហើយ​ បាន​ធ្វើ​ឲ្យ​បឹង​បួរ​ទាំងឡាយ​ក្លាយ​ទៅ​ជា​សមុទ្រ​ដ៏​ធំ​ល្វឹងល្វើយ​ ហើយ​ក៏​បញ្ជាក់​ទៀត​ថា​ ពេល​នោះ​ស្រូវ​ក្នុង​ស្រែ​កំពុង​តែ​ទុំ​ហើយ

      នៅ​ពេល​ដែល​ទឹក​ទន្លេ​មេគង្គ​លិច​ជន់​ "សីហា-វិច្ឆិកា" ទឹក​ជំនន់​ដ៏​សន្ធឹក​សន្ធាប់​ បាន​ចូល​ចាក់​ស្រោច​ស្រប់​បឹង​បួរ​តាម​រយៈ​បឹង​ទន្លេ​សាប​ ដែល​ហូរ​ពី​ត្បូង​ទៅ​ជើងដល់​រដូវ​ទឹក​ស្រក់​ដែល​ចាប់​ផ្តើម​នៅ​ខែ​វិច្ឆកា​ ទឹក​បឹង​បួរ​ហូរ​ត្រឡប់​តាម​ទន្លេ​សាប​ដដែល​ពី​ជើង​មក​ត្បូង​វិញ

      ទឹក​ជំនន់​នៃ​ទន្លេ​មេគង្គ​ ពិសេស​ជំនន់​នៅ​តាម​បឹង​បួរ​មាន​ប្រភព​មក​ពី​ប្រទេស​ទីបេ​ដ៏​សែន​ឆ្ងាយ​ បាន​ផ្តល់​ជីវភាព​នូវ​ស្រែ​ចម្ការ​នៅ​ប្រទេស​កម្ពុជា។ដី​ល្បាប់​ដែល​បាន​ដោយ​សារ​ទឹក​ជំនន់​នៃ​ទន្លេ​បឹង​បួរ​ទាំង​ឡាយ​បាន​ធ្វើ​ឲ្យ​ដី​មាន​ជីជាតិ​ បង្ក​បាន​នូវ​ធនធាន​សម្បូរ​បែប​ នៅ​ក្នុង​ប្រទេស​កម្ពុជា

      ដំណាំ​ទាំងឡាយ​ ដែល​កសិករ​ខ្មែរ​ធ្វើ​តាម​ចង្វាក់​នៃ​ទឹក​សម្រក​បាន​ផ្តល់​នូវ​ផល​យ៉ាង​ច្រើន​ រាំង​ស្កាត់​នូវ​គ្រោះ​ទុរ្ភិក្ស​និង​ផ្តល់​សុភមង្គល។ ដូច្នេះ​ហើយ​បាន​ជា​ដល់​រដូវ​ទឹក​ស្រក​ បុរាណ​ខ្មែរ​យើង​ក៏​កំណត់​យក​ថ្ងៃ​ពេញបូណ៌មី ខែ​កត្តិក​ ជា​រៀងរាល់​ឆ្នាំ​ រៀបចំ​ពិធី​អុំ​ទូក​បណ្តែត​ប្រទីប​ សំពះ​ព្រះ​ខែ​ អក​អំបុក​ ដើម្បី​សំដែង​មនោ​សញ្ចេតនា​ដឹង​គុណ​ចំពោះ​ទន្លេ​មេគង្គ​ និង​ទន្លេ​សាប​ ដែល​បាន​ផ្តល់​ជី​ជាតិ​យ៉ាង​សំខាន់​បម្រើ​វិស័យ​កសិកម្ម

     

No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks