Thursday, December 10, 2015

សាស្ត្រា​រឿង​ខ្យង​ស័ង្ខ​ វគ្គទី១


      
    ជា​ប្រភេទ​សាស្ត្រា​ល្បែង​កើត​ឡើង​នៅ​សតវត្ស​ទី​១៧ ប្រមាណ​ជា​ឆ្នាំ​១៧២៩​ សរសេរ​ជា​កំណាព្យ​សុទ្ធ​ពី​ដើម​ដល់​ចប់។​ តទៅ​នេះ​ខ្ញុំ​សង្ខេប​រឿង​ជា​ពាក្យ​រាយ៖

       នៅសោឡ​មហានគរ មាន​ស្តេច​មួយ​ព្រះ​អង្គ​សោយរាជ្យ​សម្បត្តិគឺ​ព្រះ​បាទ​យស​វិមលរាជ។​ ព្រះ​អង្គ​មាន​មហេសី​ពីរ​ព្រះ​អង្គ។​ មហេសី​ទី​១​មាន​នាម​ចន្ទទេវី​ និង​មហេសី​ទី​២​នាម​ឆន្ទា។​ មហេសី​ទាំង​ពីរ​ពុំ​មាន​បុត្រ​ដូច​គ្នា​ក៏​ធ្វើ​ពិធី​សុំ​បុត្រ។​ អាស្រ័យ​ដោយ​នាង​ចន្ទទេវី​ប្រឹង​ធ្វើ​បុណ្យ​ រក្សា​សីល​ ព្រះឥន្ទ​ក៏​បាន​ទៅ​យាង​ព្រះ​ពោធិសត្វ​ឱ្យ​មក​ចាប់​បដិសន្ធិ​នៅ​ផ្ទៃ​នាង។​ ចំណែក​នាង​ឆន្ទា​ពុំ​បាន​រក្សា​សីល​អ្វី​សោះ​ នាង​បាន​ត្រឹម​តែ​បូជា​ផ្កា​ ម្លូ​ស្លា​ដល់​ព្រះ​ដើម​ជ្រៃ​ ទើបបាន​ទេពធីតា​រក្សា​ដើម​ជ្រៃ​យាង​មក​ចាប់​បដិសន្ធិ​ក្នុង​ផ្ទៃ​នាង។

       នៅ​យប់​ដែល​ព្រះ​ពោធិសត្វ​យាង​មក​ចាប់​បដិសន្ធិ​នៅ​ក្នុង​ផ្ទៃ​នាងចន្ទ​ទេវី​ នាង​បាន​យល់​សប្តិ​ឃើញ​រាហូ​ពាំ​ព្រះ​ចន្ទ​មក​ថ្វាយ​ព្រះ​នាង។​ ព្រះ​នាង​ស្រវា​ចាប់​ព្រះ​ចន្ទ​ភ្លឺ​ថ្លា​ក៏​ក្លាយ​ទៅ​ជា​ស្រអាប់​ទៅ​វិញ​ ហើយ​បាត់​នៅ​ក្នុង​ដៃ​នាង។​ ទើប​ព្រឹក​ឡើង​ នាង​បាន​យក​ដំណឹង​នេះ​មក​ទូល​ព្រះ​បាទយស​វិមល​រាជ។​ ព្រះ​អង្គ​បាន​ឱ្យ​​ហោរ​មក​គន់គូរ​បាន​សេចក្តី​ថា​ព្រះនាង​នឹង​មាន​ព្រះ​រាជ​បុត្រា​មួយ​ព្រះអង្គ​មាន​រូប​ឆោម​លោម​ពណ៌​ល្អ​ណាស់​ ព្រម​ទាំង​មាន​អំណាច​ចេស្តា​នឹង​បាន​សោយ​រាជ្យ​ស្នង​ព្រះ​បិតា។​ នៅ​ពេល​ដែល​ឮ​ទំនាយ​នេះ​ នាង​ឆន្ទាមាន​សេចក្តី​ច្រណែន​ក៏​បាន​ទៅ​រក​គ្រូ​ស្នេហ៍​យាយស្មេធាមក​សែក​ឱ្យ​ព្រះ​បាទយស​វិមល​រាជ​ស្រឡាញ់​តែ​នាង​ ទើប​នាង​អុជអាល​ស្តេច​ឱ្យ​ដេញ​នាង​ចន្ទ​ទេវី​ចេញ​ពី​ព្រះ​បរម​រាជវាំង​ទៅ​រស់​នៅ​ក្នុង​ព្រៃ។​

       ព្រះនាង​ចន្ទទេវីក៏​ចេញ​ពី​វាំង​ទៅ​រស់​នៅ​ក្នុង​ព្រៃ​ ហើយ​បាន​យាយ​ចាស់​ម្នាក់​ជួយ​យក​អាសា។​ នាង​នៅ​ជាមួយ​ដូន​ចាស់​នោះ​ រហូត​ប្រសូត​បាន​ស័ង្ខ​មួយ​ ទើប​ដាក់​ព្រះ​នាម​ថា​ «ខ្យងស័ង្ខ»។​ ចំណែក​នាង​ឆន្ទាវិញ​ក៏​បាន​ប្រសូត​បាន​បុត្រី​មួយ​ដាក់​ព្រះនាម​ថា​«ឆន្ទី»

      លុះ​ព្រះជន្ម​បាន​ឆ្នាំ​ នៅ​ពេល​ដែល​នាងចន្ទទេវីចេញ​ទៅ​រក​ឧស​ក្នុង​ព្រៃ​ ខ្យងស័ង្ខ​ តែង​តែ​ចេញ​មក​ពី​ក្នុង​ស្រោម​ជួយ​ធ្វើ​ការ​ម្តាយ​ជា​ប្រក្រតី។​ បញ្ហា​នេះ​បណ្តាល​ឱ្យ​នាងចន្ទ​ទេវី​មាន​មន្ទិល​សង្ស័យ​យ៉ាង​ខ្លាំង។​ នៅ​ថ្ងៃ​មួយ​ នាង​បាន​ប្រើ​ល្បិច​ជា​ហាល​ស្រូវ​រួច​ចេញ​ទៅ​ក្រៅ​ ខ្យង​ស័ង្ខ​នឹក​ស្មាន​ថា​ម្តាយ​ទៅ​បាត់​ក៏​ចេញ​ពី​ក្នុង​ស្រោម​មក​ជួយ​ដេញ​មាន់។​ ព្រះ​នាង​ឃើញ​បុត្រ​មាន​រូប​ឆោម​លោម​ពណ៌​ល្អ​ ក៏​ស្ទុះ​ចេញ​មក​ពី​កន្លែង​ដែល​បាន​ពួន​មក​ចាប់​ឱប​បុត្រ។​ ព្រះនាង​បាន​វាយ​កម្ទេច​ស្រោម​ខ្យង​នោះ​ចេញ។​ ក្រោយ​មក​អាណា​ប្រជានុរាស្ត្រ​ទាំង​ឡាយ​បាន​ដឹង​ថា​ព្រះនាង​ជា​អតីត​អគ្គមហេសី​ព្រះ​រាជា​ក៏​នាំ​គ្នា​នាំ​ដង្វាយ​មក​ថ្វាយ​ទ្រង់​ជា​ហូរហែ។

      ចំណែក​នាង​ឆន្ទាដែល​បាន​ដឹង​ដំណឹង​នេះ​ ព្រះ​នាង​មិន​សប្បាយ​ព្រះទ័យ​ទេ​ក៏​នាំ​ដំណឹង​នេះ​ទៅ​កាឡៃ​ថ្វាយ​ព្រះ​រាជា​ថា​ព្រះនាង​ចន្ទទេវីមាន​សហាយ​ ទើប​ទូល​ស្តេច​ឱ្យ​យក​ខ្យង​ស័ង្ខ​ទៅ​ពិឃាត​ចោល។​ ស្តេច​យស​វិមល​រាជ ក៏​បញ្ជា​ឱ្យ​ពេជ្ឈឃាត​យក​ខ្យង​ស័ង្ខ​ទៅ​សម្លាប់​ចោល​មួយ​រំពេច។​ ពេជ្ឈឃាត​យក​អាវុធ​កាប់ខ្យង​ស័ង្ខ​ តែ​គួរ​ឱ្យ​អស្ចារ្យ​ណាស់​អាវុធ​ទាំង​នោះ​ក៏​ប្រែ​ជា​អាហារ​សម្រាប់​ព្រះអង្គ​ទៅ​វិញ។​ ពេជ្ឈឃាត​ក៏​ខ្លាច​ថ្វាយ​បង្គំ​ព្រះ​ពោធិសត្វ។​ ព្រះ​មហា​ក្សត្រ​ក៏​បញ្ញា​ឱ្យ​គេ​យក​ព្រះ​រាជ​កុមារ​ចង​ផ្អោប​ជា​មួយ​ថ្ម​ រួច​យក​ទៅ​ពន្លិច​ក្នុង​ទឹក​សមុទ្រ។​ ព្រះ​នាង​ចន្ទ​ទេវី​មិន​ឃើញ​បុត្រ​អណ្ដែត​ ស្មាន​តែ​បុត្រ​សុគត​ ព្រះ​នាង​ក៏​ទួញ​សោក​យ៉ាង​ខ្លាំង។
​​     (សូម​រង់ចាំ​អាន​វគ្គ​ទី២​ ដែល​ជា​វគ្គបន្ត)


No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks