១. ផ្ទះថ្មល្អហួសពីការស្មាន ក្បែរផ្ទះមានឡានចតសេសសល់
ម្ចាស់ផ្ទះឈរស្ទែតមើលមកថ្នល់ ចុះផលបុណ្យអ្វីរបស់គេ! ។
២. ឡានតូចថ្មីចែសបើកដំបូល ចេញចូលលូនលេងគ្មានទំនេរ
ថ្ងៃល្ងាចលោកប្រុស-ស្រីទាំងទ្វេ សង្ហាម្ល៉េះទេគេធ្វើអ្វី
? ។
៣. ទំនិញទំនើបពីបរទេស សុទ្ធល្អវិសេសផុតដែនដី
គេតែងនិយមទាំងប្រុសស្រី ធ្វើអ្វីបានប្រាក់ទិញដូចចិត្ត
? ។
៤. ភាពយន្តទំនើបបង្ហាញច្បាស់ ឃើញណាស់តែអ្វីដែលប្រណិត
ខ្លួនក្រចិត្តលូតហួសកំហិត តើគិតម្តេចផ្គាប់ស្កប់តណ្ហា
។
៥. បារមានហូរហែពេញទីក្រុង រាំឳបចិត្តស្លុងក្នុងកាមា
គិតម្តេចឳ្យបានស្រីស្រា នរណារស់ស្លាប់កុំខ្ចីខ្វល់!
។
៦. រដូវមួយណាក៏ផ្កាស្រស់ ផ្ការីទាំងអស់ឥតសេសសល់
ឳ្យតែផ្គាប់ចិត្តផ្កាដិតដល់ ខ្វះលុយកុំឆ្ងល់ចៀសឳ្យឆ្ងាយ!
។
៧. ផ្ទះថ្ម ឡាន កុន បារ ស្រស់ស្រី ឋានសួគ៌លោកិយសែនសប្បាយ
សង្ឃឹមប្រាក់ខែម្តេចគ្រប់ចាយ ត្រូវតែខ្វល់ខ្វាយខំ
«រកស៊ី» ! ។
៨. ឳសីលធម៌អើយ! អ្នកកុំច្បាំង តតាំងម្តេចឈ្នះឆោមនារី
អញ្ជើញដកខ្លួនចូលគម្ពីរ ទុកទីជូនទៅទ័ពតណ្ហា
។
No comments:
Post a Comment