១.សព្វថ្ងៃខ្ញុំភ្លើ! អារម្មណ៍ខ្ញុំហើរ ហោះហិចទៅឆ្ងាយ
គ្មានទីកំណត់ កត់យកសប្បាយ ព្រួយចិត្តព្រួយកាយ
សំណាងមិនល្អ ។
២. ខ្ញុំនឹកសង្វេគ តែងព្រួយចិត្តពេក ព្រួយព្រោះខ្លួនក្រ
រៀនបានតិចតួច ខំទាំងត្រដរ ឥឡូវនេះក៏
ត្រូវតែឈប់រៀន ។
៣. ចេញពីសាលា ចោលការសិក្សា ចោលអស់របៀន
លាអស់ពួកម៉ាក លាគ្រូបង្រៀន លាទាំងគ្រឹះស្ថាន
ដែលធ្លាប់សិក្សា ។
៤. លាហើយណាមិត្ត ខ្ញុំលាអ្នកពិត ចេញពីសាលា
លាទាំងអាល័យ ឥតបីនឹងថា ខ្ញុំត្រូវចាប់ការ
ចិញ្ចឹមជីវិត ។
៥. ព្រោះខ្ញុំនេះក្រ គ្មានលុយបន្ត ការសិក្សាពិត
ត្រូតែចាប់ការ ចិញ្ចឹមជីវិត លាហើយណាមិត្ត
អ្នកនៅរៀនចុះ ។
៦. ខំទៅសម្លាញ់ រៀនយកឈ្នះចាញ់ ខំទាំងស្រីប្រុស
ខំរៀនដើម្បី ល្បាញល្បីកេរ្តិ៍ឈ្មោះ ត្រូវមិត្តខំលុះ
ទម្លុះអវិជ្ជា ។
៧. អវិជ្ជាគ្មានជោគ គឺជាមេរោគ ចង្រៃមហិមា
តែងស៊ីខូរក្បាល មនុស្សគ្រប់គ្នា លុះតែងស្ទុះស្ទា
រៀនទើបចៀសបាន ។
៨. វិជ្ជាជាថ្នាំ មិត្តអើយចូរចាំ ខំរកឲ្យបាន
ចៀសភាពល្ងិតល្ងង់ ដែលនាំថោកប្រាណ ទើបយើងនឹងបាន
ជាពលរដ្ឋល្អ ។
៩. ខ្ញុំដឹងខ្លួនដែរ ខ្ញុំខំគ្មានល្ហែ តែដោយខ្លួនក្រ
រុលទៅមិនរួច ព្រោះក្ររឹតក បានជាខ្ញុំចរ
ចាកការសិក្សា ។
១០. ខ្ញុំលាមិត្តទៅ ចិត្តខ្ញុំចាំនៅ នឹងមិត្តគ្រប់គ្នា
សង្ឃឹមជានិច្ច ថាមិត្តមិនរា បំពេញវិជ្ជា
ទុកសម្រាប់ខ្លួន ។
១១. ឯរូបខ្ញុំវិញ ខ្ញុំពេញទោម្នេញ ដោយនឹកស្តាយខ្លួន
រៀនមិនបានច្រើន គ្មានចេះមាំមួន មិនបានសមសួន
ចំនួនចំណង់ ។
១២. តែទោះយ៉ាងណា ត្រង់ការសិក្សា ខ្ញុំមិនលះបង់
ខ្ញុំខំរៀនទៀត លុះត្រាអស់ចង់ សូមឲ្យមិត្តស-
ង្ឃឹមជឿខ្ញុំចុះ ។
No comments:
Post a Comment